ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ជាអ្នកពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០ 

image

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ គេបានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ថ្មីចំនួន០២នាក់ ដែលអ្នកទាំង២នាក់នោះមានពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០ និងបុរសអ្នកបើករថយន្តតាក់ស៊ី ដែលមានផ្ទុកមេរោគកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជាអ្នកពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ដែលជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ១០០០ រួមមានដូចខាងក្រោម៖ 

  ១-  លោក ទាវ សូវៀត អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

  ២-  លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕