ព័ត៌មានជាតិ

ពលរដ្ឋមួយចំនួនក្នុងភូមិប៉ាងរលឹម ក្រុងប៉ៃលិន បារម្ភពីសុខភាពផ្លូវដង្ហើម ព្រោះក្លិនសំរាមគេយកទៅបោះចោល និងដុតនៅក្បែរផ្ទះ ជះក្លិនស្អុយអាសោច លំបាកដកដង្ហើម

image

ប៉ៃលិន៖ ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នានិយាយត្អូញត្អែរ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពផ្លូវដង្ហើម ខណ:ពួកគាត់អះអាងថា មានប្រជាពលរដ្ឋ រស់នៅក្បែរផ្សារប៉ាងរលឹម និង អាជីវករមួយចំនួន ដែលលក់ដូរនៅក្នុងផ្សារមួយនេះ តែងតែដឹកសំរាមយកទៅបោះចោលទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវក្បែរភូមិ ដែលរលួយបង្កទៅជាក្លិនស្អុយអាសោច លុះពេលខ្យល់បក់បោកចូលក្នុងផ្ទះខ្លួនម្តងៗ ស្ទើរទ្រាំលែងកើត ហើយក៏បង្កទៅជាជំងឺរលាកផ្លូវដង្ហើម និងកើតជាជំងឺផ្តាសសាយញឹកញាប់ផងដែរ ស្ថិតនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 

    ប្រភពព័ត៌មានពីបុរស ឈ្មោះ ម៉ៅ ពន្លក អាយុ៤៥ឆ្នាំ និង ឈ្មោះ អ៊ូច សារ៉ាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរៗកន្លែងគេយកសម្រាមទៅបោះចោលនេះ បានរៀបរាប់ឱ្យដឹងទាំងក្តីព្រួយបារម្ភចំពោះសុវត្ថិភាពផ្លូវដង្ហើមខ្លួនដូចៗគ្នាថា ៖ មានប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិប៉ាងរលឹម និងអាជីវករក្នុងផ្សារប៉ាងរលឹមមួយចំនួន បាននាំគ្នាដឹកយកសម្រាម និងកាកសំណល់ផ្ទះបាយ ដូចជា សំបកបន្លែផ្លែឈើ សំបកពងមាន់ ពងទា ស្រកាត្រី និងក្បាលត្រី ទៅចាក់ចោលអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវក្បែរផ្ទះពួកគាត់ អស់រយ:ពេលជាយូរមកហើយ លុះក្រោយពេលសំរាមស្អុយរលួយ គាប់ជួននឹងខ្យល់បក់មកពីទិសខាងកើតម្តងៗ បណ្តាលឱ្យជះក្លិនស្អុយអាសោចស្ទើរតែទ្រាំមិនបាន ហើយចង់លក់ដីទៅរស់នៅកន្លែងផ្សេង ជាពិសេសពេលដែលគេដុតសម្រាមនេះម្តងៗ ធ្វើឱ្យផ្សែងហុយឈួលឈ្លក់ ចូលទៅក្នុងផ្ទះ ធុំក្លិនឆ្ងៀមទ្រុប លំបាកក្នុងការដកដង្ហើមយ៉ាងខ្លាំង ជាពិសេសជាញឹកញាប់ តែងធ្វើឱ្យក្មេងតូចៗ និងមនុស្សចាស់ កើតជំងឺផ្តាសាយ រលាកច្រមុះ រលាកផ្លូវដង្ហើម ក៏សំបូរទៅដោយសត្វរុយក្បាលខៀវ ហើរចូលទៅក្នុងផ្ទះ លំបាកក្នុងការហូបអាហារផងដែរ ។ ប្រភពដដែលបានបន្តទៀតថា ការចាក់សំរាមនៅលើចិញ្ចើមផ្លូវនេះ គឺមានរយ:ពេលជាង១ឆ្នាំមកហើយ ដោយយូរៗម្តង ទើបឃើញអាជ្ញាធរចុះទៅពិនិត្យ ក៏ធ្លាប់មានខាងមន្រ្តីបរិស្ថានយកគ្រឿងចក្រទៅរុញទំលាក់ក្នុងជង្ហុកផងដែរ តែក្លិននៅស្អុយមិនបាត់នោះឡើយ ទាល់តែដឹកយកទៅបោះចោលនៅកន្លែងផ្សេងទើបអាចឈប់មានក្លិនបែបនេះ ។ 

  ពួកគាត់ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរៗ ផ្សារ និងអាជីវករក្នុងផ្សារប៉ាងរលឹមមួយចំនួន ឈប់ដឹកយកសំរាមទាំងនេះទៅបោះចោលនៅលើចិញ្ចើមផ្លូវទៀត ដោយខាងផ្សារ ត្រូវរករថយន្តដឹកសំរាមយកទៅចាក់នៅទីលានចាក់សំរាមណាមួយ ដែលស្ថិតនៅឆ្ងាយពីលំនៅឋានប្រជាពលរដ្ឋ ព្រោះជាតិស្អុយ និងផ្សែងពុល ពិតជាប៉ះពាល់ដល់សុខភាពពួកគាត់ខ្លាំងណាស់ ។ 

  ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកអត់ទាន់ដឹងរឿងនេះទេ ក្រោយពីទទួលបានដំណឹងហើយ នឹងឱ្យមន្រ្តីក្រោមឱវាទចុះទៅរៀបចំសម្អាត ។ រីឯលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ក៏បានឱ្យដឹងដែរថា ៖ ខាងលោកនឹងចាត់ឱ្យមន្រ្តីចុះទៅរៀបចំដុតកម្ទេចចោល ហើយក៏ឱ្យប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាមនោះ ស៊ើបអង្កេតមើល បើសិនជាឃើញហើយថតរូបឱ្យបានច្បាស់ ខាងលោកនឹងហៅអ្នកប្រព្រឹត្តបទល្មើសនេះ ទៅធ្វើកិច្ចសន្យាអប់រំ បើសិនជានៅមិនរាងចាល ខាងលោកនឹងចាត់ការតាមផ្លូវច្បាប់ ។

ចំណាត់ការរបស់លោក អភិបាលក្រុង និងលោកប្រធានមន្ទីរបរិស្ថាន មិនបានប៉ុន្មានម៉ោងផងត្រូវ អ្នកដឹកសំរាម ពីផ្សារប៉ាងរលឹម ចាក់នៅទីនោះទៀត។ ឃើញដូចនេះប្រជាពលរដ្ឋសួរនាំទៅ គាត់ប្រាប់ថា ប្រធានផ្សារអ្នកឲ្យយកមកចោលទីនេះទៀត៕

ដោយ សុខ វិច្ឆ័យ