ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញដល់ថ្នាក់ដឹកនាំក្រសួងបន្តប្រសិទ្ធភាពការងារក្នុងវិស័យបរិស្ថាន

image

(ភ្នំពេញ)៖ ទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឯកឧត្តម សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ និងលើកទិសដៅឆ្នាំ២០១៩-២០២៣ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ចំណុះក្រសួងបរិស្ថាន បណ្តាមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត ក្នុងការជំរុញបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត អនុវត្តលើការគ្រប់គ្រងវិស័យបរិស្ថានដល់មន្រ្តីគ្រប់ជំនាញ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំដែលកាន់ ឬក៏ធ្វើការសម្រេច ចិត្តលើវិស័យនីមួយៗលើការងារវិស័យបរិស្ថាននេះ សូមបន្តនិងធ្វើការគូសវាសនូវផែនការអភិវឌ្ឍលើការគ្រប់គ្រង ថែរក្សាអភិរក្សធនធានព្រៃឈើ ធនធានជីវចម្រុះ ក៏ដូចជាការលើកកម្ពស់ការយល់ដឹង រួមទាំង កំរិតជីវភាពរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិផងដែរ។ ឯកឧត្តមបន្តថា ប្រសិទ្ធភាពការងារល្អ ទាមទារឱ្យមានការចូលរួមទាំងគំនិត មតិយោបល់ និងសកម្មភាពថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងបណ្តាមន្ទីរបរិស្ថាន និងមន្រ្តីអនុវត្តទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន៕(CNC)


ព័ត៌មានទាក់ទង...