សម្តេចតេជោ ៖ តាមរយៈការប្រកាសរបស់គ.ជ.ប សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនបាននាំមុខយ៉ាងច្រើនលើសលប់បំផុតរហូតដល់ ៤.៨៨៩.១១៣សម្លេង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះសារនៅលើទំព័រហ្វេសបុកផ្លូវការដោយ បញ្ជាក់ថា កាលពីម៉ោង៧:០០ព្រឹកមិញថ្ងៃទី ១១ សីហា គ.ជ.ប បានប្រកាសលទ្ឋផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញច្បាស់ថាចំនួនពលរដ្ឋ ៦.៩៥៦.៩០០នាក់ (៨៣.០២%) បានទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមបែបលទ្ឋិប្រជាធិបតេយ្យដោយសេរី យុត្តិធម៍ និងត្រឹមត្រូវ។

សម្តេចតេជោហ៊ុន បញ្ជាក់បន្តថា ក្នុងចំណោមនោះ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បាននាំមុខយ៉ាងច្រើនលើសលប់បំផុត ដែលមានចំនួន ៤.៨៨៩.១១៣ ខណៈដែលការប្រកាសលទ្ឋលនៃចំនួនអាសនៈដែលទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី ១៥ សីហា ២០១៨ ខាងមុខនេះ។

ទន្ទឹមនឹងការទទួលបានការគាំទ្រដ៏ច្រើនលើសលុបបែបនេះ សម្តេចតេជោ បានផ្ញើសារថ្លែងអំណគុណដល់ ជនរួមជាតិកម្ពុជា ក៏ដូចជាអ្នកស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រការដឹកនាំរបស់សម្តេច ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា «សូមអរគុណបងប្អូននិងកូនក្មួយដែលមានជំនឿទុកចិត្តមកលើខ្ញុំ និងគណបក្សប្រជាជន។ ខ្ញុំពិតជាមិនអោយបងប្អូនខកបំណងឡើយ។ ច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។
សូមជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃសៅរ៌ឈប់សម្រាកនេះ។»

សូមជំរាបថា បន្ទាប់ពីប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅថ្ងៃទី ១១សីហានេះ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ខាងមុខ ដែលរួមមាន បញ្ជីឈ្មោះតំណាងរាស្រ្ត និងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយនីមួយៗទទួលបាន។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ០៨ សីហាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា បន្ទាប់ពីសម្តេចបានទូលថ្វាយអំពីស្ថានភាពនយោ បាយដល់អង្គព្រះមហាក្សត្រកម្ពុជារួច កាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖

១)នៅព្រឹកថ្ងៃ ពុធ ទី៥ ខែកញ្ញា ឆ្នាំ ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

២)នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និង រាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។

៣) នៅព្រឹកថ្ងៃសុក្រទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation