ផុតរដូវទុរេនខ្មែរហើយ ប៉ុន្តែបើចង់ញ៉ាំ អាចរកបាននៅស្រុកសំឡូត
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ឆ្នាំ២០១៨នេះ រដូវទុរេនខ្មែរនៅតាមតំបន់ដាំដុះធំៗក្នុងប្រទេសកម្ពុជា ដូចជាខេត្តកំពត កំពង់សោម ត្បូងឃ្មុំ កំពង់ចាម ជាដើម គឺបានបញ្ចប់ទៅហើយតាំងពីខែកក្តដាកន្លងទៅ ហើយឈានមកដល់ពាក់កណ្តាលខែសីហានេះ ទុរេនដែលដាក់លក់លើទំផ្សារភាគច្រើនគឺទុរេនដែលនាំចូលពី ប្រទេសជិតខាង ហើយប្រជាពលរដ្ឋដែលចូលចិត្តញ៉ាំទុរេនធម្មជាតិរបស់ខ្មែរត្រូវរង់ចាំរហូតដល់ រដូវម្តងទៀតនៅឆ្នាំក្រោយ។
ប៉ុន្តែជាដំណឹងល្អ យើងទទួលបានព័ត៌មានថា នៅកំលុងពេលនេះ ប្រជាពលរដ្ឋនៅខេត្តរតនគិរីនិង ស្រុកសំឡូតខេត្តបាត់ដំបងកំពុងតែប្រមូល ទុរេនខ្មែរដែលកំពុងទាកទាញអ្នកដែលចូលចិត្តញ៉ាំផ្លែឈើប្រភេទនេះ និងលក់បានក្នុងតម្លៃទៀតផង។

សូមជំរាបថា ទុរេន គឺជាដំណាំយុទ្ធសាស្ត្រមួយដ៏សំខាន់របស់អ្នករស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែល បាននឹងកំពុងតែធ្វើការពង្រីកផ្ទៃដីដាំដុះ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់ ហើយឃុំចំនួន ៣របស់ស្រុកសំឡូត មានការដាំដុះដំណាំទុរេននេះច្រើនជាងគេគឺឃុំស៊ុងសំឡូត និងឃុំតាតោក ក្រៅពីនោះមានចំនួនតិចតួចប៉ុណ្ណោះ ដែលដំណាំទុរេននេះនៅតែរក្សាតម្លៃល្អ ជាងដំណាំផ្សេងៗទៀតដែលមាននៅក្នុងស្រុកសំឡូត ខណៈទីផ្សារបានមកដល់ផ្ទះកសិករផ្ទាល់តែម្តង ។

លោក វ៉ាន់ ណារ៉ា កសិកររស់នៅភូមិកន្ទួត ឃុំសំឡូត បានបង្ហាញឲ្យដឹងថា អ្នកភូមិកន្ទួត រួមជាមួយក្រុមគ្រួសារលោកផ្ទាល់បានចាប់យកការដាំដំណាំទុរេន ជាមុខរបរធំអះអាងថា ចំណូលបានមកពីផលទុរេនគឺល្អប្រសើរ លោកបានបន្តទៀតថា បើទោះបីជាដំណាំទុរេនក្នុងឆ្នាំនេះ ទិន្នផលមានការថយចុះ ដោយសារតែកត្តាធម្មជាតិមិនអំណោយផល ជួនរាំងជួនភ្លៀងមិនទៀងទាត់ និងកត្តាមួយទៀតដោយសារតែឆ្នាំមុនមានផ្លែច្រើន ហើយឆ្នាំនេះប្រាកដ ជាផ្លែថមថយបន្តិចយ៉ាងណាក៏ដោយ តែសម្រាប់គុណភាពមិនមានការប្រែប្រួលនោះទេ ។

ម្ចាស់ចំការរូបនេះ ពន្យល់ថា មូលហេតុដែល ស្រុកសំឡូតនៅមានទុរេនខ្មែរសម្រាប់លក់ ព្រោះតែឆ្នាំនេះ ដំណាំទុរេនក្នុងភូមិសាស្ត្រនេះ បានចាប់ផ្តើមចេញផ្កាយឹត ជាងបណ្តាតំបន់ផ្សេង មួយវិញទៀតនៅពេលដែលទុរេនចាប់ផ្តើមចេញផ្កា បែជាមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទុរេនចេញផ្កាផ្លែមិនអស់ ហើយទូរេនក៏បានចេញផ្កាផ្លែច្រើនវគ្គ បន្តគ្នា ទើបមកទល់ពេលនេះនៅតែមានទុរេនទុំបេះលក់នោះ។

អ្នកស្រី ណៃ ចន ក៏ជាកសិករដាំទុរេននៅភូមិកន្ទួត ឃុំសំឡូតនេះដែរ បានឲ្យដឹងថា ក្នុងរយៈពេលជិត២០ឆ្នាំដែលក្រុមគ្រួសារគាត់បានចាប់យកការដាំទុរេននេះ ក្នុងការបង្កើននូវបា្រក់ចំណូលក្នុងគ្រួសារ ហើយពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកមករកទិញទុរេនដល់លំនៅដ្ឋានរបស់គាត់ ភាគច្រើនជាម៉ូយចាស់យកទៅលក់បន្ត និងជាអ្នកទេសចរណ៍មកពីខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ជាដើម គឺពួកគាត់មិនដែលបានដឹកយកទៅលក់នៅតាមផ្សារឡើយ។

អភិបាលស្រុកសំឡូត លោក សើរ សាម៉េត បានបញ្ជាក់ថា សក្តានុពលផ្ទៃដីនៅតំបន់ស្រុកសំឡូត មាន៣ប្រភេទ គឺជាប្រភេទដីក្រហម ដីខ្មៅនិងដីល្បាយខ្សាច់ ដោយឡែកដីនៅភូមិកន្ទួតនេះ ជាដីក្រហម មានអំណោយផលលើដំណាំទុរេន សាវម៉ាវ មង្ឃុតជាដើម ក្នុងនោះលោកក៏ទទួលស្គាល់ថា ដំណាំទុរេននៅតំបន់នេះ គឺពិតជាទុរេនធម្មជាតិយ៉ាងពិតប្រាកដ ។ លោកបានបន្តទៀតថា ដោយសារតែដំណាំទុរេននេះបានធ្វើការកែប្រែជីវភាពរស់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត កាន់តែមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំនិងឈានទៅរកការកាត់បន្ថយបាននៃភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

គួរបញ្ជាក់ផងដែរថា រហូតមកដល់នឹងឆ្នាំ២០១៨នេះ ប្រជាកសិករនៅក្នុងស្រុកសំឡូត បានសម្រេចធ្វើការដាំដុះទុរេននៅលើផ្ទៃដីសរុបជាង៤៨២ហ.ត ដែលចំនួននេះមានការកើនឡើងខ្លាំងបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំមុន ដោយសារតែផ្ទៃដីនៅក្នុងតំបន់សំឡូត ជាដីសំបូរមានជីវជាតិ ឬដីក្រហម ក្នុងនោះប្រជាកសិករនឹងបន្តការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអ្នកនិយមបរិភោគផ្លែទុរេន ក្នុងការលើកកម្ពស់កម្រិតជីវភាព ក្នុងគ្រួសារ ក៏ដូចជាការបង្កើននូវសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀតផង ៕
អត្ថបទ ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation