ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ នៅកំណាត់ផ្លូវជាតិលេខ៤ រវាងព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងគោលដៅមួយចំនួនទៀត

image

ភ្នំពេញ៖ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី១៥  ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅបិទខ្ទប់នៅចំណុចកំណាត់ផ្លូវជាតិលេខ៤ រវាងព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងគោលដៅមួយចំនួនទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព។ 

សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់រយៈពេល១៤ថ្ងៃ កាលពីអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១  ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយ គ្រាដែលរាជធានីភ្នំពេញរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩កាន់តែច្រើនឡើងគួរឱ្យព្រួយបារម្ភ។ វិធានការបិទខ្ទប់ដោយកម្លាំងសមត្ថកិច្ចចម្រុះ បានដាក់ពង្រាយតាមច្រកចេញ-ចូលនានា រវាងព្រំប្រទល់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ការបិទខ្ទប់ព្រំប្រទល់ តាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងការបិទខ្ទប់នៅតាមគោលដៅសំខាន់ជាច្រើនទៀត ដោយសមត្ថកិច្ចប្រើប្រាស់រនាំងដែក និងខ្សែ ធ្វើការរាំងខ្ទប់ រឹតត្បិតចំពោះអ្នកធ្វើដំណើរ។

ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់កម្លាំងនគរបាលដែលកំពុងអនុវត្តវិធានការបិទខ្ទប់ ត្រូវបំពេញភារៈកិច្ចតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់ ដោយការអនុវត្ត ត្រូវធ្វើដោយមិនយោគយល់នោះឡើយ។

យោងតាមសេចក្តីសម្រចនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកកណ្តាល បានអនុញ្ញាតការធ្វើដំណើរទៅបំពេញការងារ ការអនុញ្ញាតចេញប្រកបមុខរបរ ឬអាជីវកម្ម ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ដោយត្រូវមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារមុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដី។ ចំពោះ ការអនុញ្ញាតធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬទិញគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។  ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២នាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់មិនឱ្យលើសពី ៣ដង ក្នុងមួយសប្តាហ៍ ក្នុងរង្វង់ភូមិសាស្រ្តក្រុង ឬខណ្ឌ ដែលរស់នៅ និងត្រូវយកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន។ ការធ្វើដំណើរទៅមន្ទីរពេទ្យ ទៅមណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ 

ចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់នេះ នឹងកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។ ក្រៅពីនោះការធ្វើដំណើរត្រូវបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុង ឬចេញក្រៅរង្វង់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ក៏ត្រូវបានអនុញ្ញាតផងដែរ៕

ដោយ៖ ម៉ៅ នរិទ្ធយ៉ា