ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តដាក់ចេញវិធានការរដ្ឋបាលពីរសប្តាហ៍បន្ថែមទៀត 

image

កំពង់ស្ពឺ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកំពង់ស្ពឺបានបន្តដាក់ចេញជាថ្មីនូវវិធានការរដ្ឋបាលដោយផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្នចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដោយចាប់អនុវត្តពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា រាល់សកម្មភាពនៃការជួបជុំ សកម្មភាពអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជនបង្ករឱ្យមានការប្រមូលផ្តុំ។ ប៉ុន្តែចំពោះរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់គឺ៖

ទី១. សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់។

ទី២. ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។ 

ទី៣. ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ទី៤. ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត។ 

ទី៥. ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ក្នុងសេចក្តីណែនាំនោះក៏បានបញ្ជាក់ផងដែរថា បុគ្គល ឬនីតិបុគ្កលទាំងឡាយណាដែលមិនចូលរួមអនុវត្តខ្លឹមសារដូចមានចែងក្នុងប្រការ២ និងប្រការ៣នៃសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់់់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ពន្ធ័ជាធរមាន។

សូមបញ្ជាក់ថា នេះជាសេចក្តីសម្រេចលើកទីពីររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សម្រា់ខេត្តកំពង់ស្ពឺ៕

ដោយ៖ ប៊ុត សារុន