ព័ត៌មានជាតិ

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពហើយ កំលុងពេលព្យាបាលជំងឺកូវីដ១៩

image

ភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពកំលុងពេលទទួលការព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

លោក ម៉ៅ អាយុទ្ធ ត្រូវបានគេរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៥ ខែមេសា និងត្រូវបានគ្រូពេទ្យ ដឹកយកទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោក ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា ជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះ១រូប ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្ត ខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក ម៉ៅ អាយុទ្ធ និងមានភាពល្បីល្បាញនោះ គឺរឿង "នេសាទក្រពើ" កាលពីអំឡុងឆ្នាំ២០០៣ និងរឿង "ហ្លួងព្រះស្តេចកន" កាលពីឆ្នាំ២០១៦កន្លងទៅ៕