ព័ត៌មានជាតិ

អាជីវកម្មចំនួន ១១ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

image

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៥ខែមីនា ឆ្នាំ ២០២១នេះ បានសេចក្តីសម្រេច ស្តីពីប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

តាមសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ជា បណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មានចំនួន ១១ប្រភេទ មានដូចខាងក្រោម៖

១៖ ផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ 

២៖ សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម- សំណល់រឹង ជាដើម 

៣៖ រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ 

៤៖ សេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំងលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស 

៥៖ ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រង ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា 

៦៖ សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ 

៧៖ សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ 

៨៖ សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើ ឱ្យវិស័យសង្គម-សេដ្ឋកិច្ចនៃប្រទេស 

៩៖ ការផលិតសម្ភារបរិក្ខារពេទ្យ និងថ្នាំពេទ្យ

១០៖ ការដ្ឋានសំណង់ដែលមានកន្លែងស្នាក់នៅជាប់ការដ្ឋានសំណង់ និង 

១១៖ សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច៕