ព័ត៌មានជាតិ

បាត់មន្ត្រីអាជ្ញាធរអប្សារាទៅណាអស់ ទើបបណ្តោយឲ្យដើមគ្រញូងក្នុងតំបន់អង្គរត្រូវគេកាប់បំផ្លាញ?

image

សៀមរាម៖ ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ដោយមហាជន ចោទសួរថា បាត់មន្ត្រីអាជ្ញាធរអប្សារាទៅណាអស់ ទើបបណ្តោយឲ្យមានរឿងនេះកើតឡើង​ ហើយបានត្រឹមតែប្រមូលយកសាកសពដើមឈើក្រញូងទៅរក្សាទុកតែប៉ុណ្ណោះ។

ជាការឆ្លើយតប អាជ្ញាធរអប្សារាបានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋានអំពីការកាប់ឈើក្រញូងក្នុងរមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្លួនធ្វើការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប បានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព
នៅស្នាក់ការតំបន់ការពារឧទ្យានអង្គរ កាលពីថ្ងៃទី១០ ខែសីហា។

សូមរំលឹកថា​ កូនឈើគ្រញូងមួយដើម នេះត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប​ ហើយត្រូវបានប្រជាពលរដ្ឋជូនដំណឹងភ្លាមៗទៅអាជ្ញាធរដើម្បីអន្តរាគមន៍ និងទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនចេញ។

បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា គ្រញូងដែលត្រូវគេលួចកាប់នោះមានទំហំមុខកាត់ជិត ៤តឹក​។

ហេតុការណ៍ដែលជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ​នេះ​ ត្រូវបានពលរដ្ឋបង្ហើបថា ជាស្នាដៃរបស់ក្រុមអ្នករកស៊ីគ្រញូង​ ហើយអាជ្ញាធរពាក់ពន្ធ័មិនទាន់បានវែកមុខឃើញក្រុមបង្ករឡើយ បានត្រឹមតែប្រមូលសាកសពដើមក្រញូងដែលត្រូវបានកាប់បំផ្លាញយកទៅរក្សាទុកតែប៉ុណ្ណោះ៕