ព័ត៌មានជាតិ

វីង ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជផ្លូវការ

image

អត្ថបទ៖ អៀវ ឈៀងនី 

ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។

ធនាគារវីង បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ១៩ ខែមេសារ ឆ្នាំ២០២១នេះ តាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមទប់ស្កាតការរីករាលដាល នៃជំងឺកូវដី១៩ ក៏ដូចជាតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ 

ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីង និងលោកជំទាវ ម៉ៅចំណាន ព្រមទំាង ថ្នាកដឹក និងបុគ្គលិកវីងផងដែរ។

អាជ្ញាប័ណ្ណនេះ អនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក” តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីងបានមានប្រសាសន៍ថា៖ ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ។”

ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីង អាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណជនជាដើម។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩.៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ វីង នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្មដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ។

លោក Manu Rajan អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជាធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមានទៅលើសហគមន៍ ដៃគូអាជីវកម្ម និងអ្នកចូលរួមក្នុងទីផ្សារផ្សេងៗទៀតរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងសាធារណជន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា” ។

អាជ្ញាប័ណ្ណដែលទទួលបានពីធនាគារជាតិនៃកម្ពុជានេះ នឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលមិនស្ថិតក្នុងបណ្តាញធនាគារ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានខិតខំផ្តល់អំណាចដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន ងាយស្រួល និងមានសុវត្ថិភាព៕