ព័ត៌មានជាតិ

កម្មករជិត១០០០នាក់ហើយ ត្រូវបានរកឃើញឆ្លងជំងឺ កូវីដ-១៩ នៅតាមបណ្តារោងចក្រ ចំណែកតាមផ្សារបានកើនចំនួនជាលំដាប់

image

ភ្នំពេញ៖ កម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធសរុបចំនួន  ៩៧៣នាក់ ហើយ ត្រូវបានរកឃើញ  វិជ្ជមាន ជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។

ដោយឡែនៅផ្សារអូរឫស្សី ក៏មានអ្នកពាក់ព័ន្ធបានកើនឡើងសរុបចំនួន ៤១៣នាក់  គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។ ចំណែកផ្សារចាស់ បានរកឃើញអ្នកពាក់ព័ន្ធសរុបចំនួន ២៨នាក់ គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ចំពោះផ្សារដើមគ មានអ្នកពាក់ព័ន្ធសរុបចំនួន ៨៨នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ-១៩ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

ដោយសារ តួលេខនៃការឆ្លងជំងឺកូវីដ-១៩នេះត្រូវបានរកឃើញជាបន្តបន្ទាប់ នៅតាមបណ្តាផ្សារសំខាន់ៗ និងនៅតាមរោងចក្រនោះ អាជ្ញាធរបានប្រកាស់បិទផ្សារទាំងនោះជាបណ្តោះអាសន្នជាបន្តបន្ទាប់ និងប្រកាសដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ឱ្យទៅពិនិត្យសំណាក ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យ បាក់ទូក វិទ្យាល័យ បឹង ត្របែក  មណ្ឌលសុខភាពចាក់អង្រែក្រោម  មន្ទីរ ពេទ្យខ្មែរ-សូវៀត  សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។

ទន្ទឹមនឹងនេះ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យទាំងនោះ៕