ព័ត៌មានជាតិ

ក្រុមអ្នកជំនាញ៖ សំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរក្នុងខេត្ត​ Fukushima របស់ជប៉ុនមានគ្រោះថ្នាក់ជាងសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរធម្មតា

image

សាច់រឿង៖ក្រុមអ្នកជំនាញរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យថា​ សំណល់ទឹកចេញចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលរដ្ឋាភិបាលជប៉ុនចង់បង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះគឺមានគ្រោះថ្នាក់ជាងសំណល់ទឹកដែលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរធម្មតា និងបានថាជប៉ុនគួរតែចាត់វិធានការថែមទៀតយោងតាមអនុសញ្ញាអន្តរជាតិ។

ក្រុមអ្នកជំនាញរបស់ចិនបានបន្ថែមថា​ ប្រទេសចិនសង្ឃឹមថារដ្ឋាភិបាលជប៉ុននឹងធ្វើការស្រាវជ្រាវស៊ីជម្រៅ​ និងបង្ហាញបន្ថែមទៀតពីវិធីសាស្ត្រផ្សេងៗក្នុងការបង្ហូរសំណល់ទឹកទាំងនោះចូលទៅក្នុងមហាសមុទ្រដោយសុវត្ថិភាព​ រួមជាមួយនិងអាកប្បកិរិយាទទួលខុសត្រូវចំពោះពលរដ្ឋជប៉ុន និងសហគមន៍អន្តរជាតិ។

យោងតាមក្រុមអ្នកជំនាញ​ ក្រសួងបរិស្ថានចិននឹងតាមដានយ៉ាងដិតដល់នូវដំណេីរវិវឌ្ឍន៍នៃស្ថានការណ៍នេះ,​ វាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់ដែលអាចកើតមានទៅលើបរិស្ថានអេកូឡូស៊ីសមុទ្រ,​ ពង្រឹងការត្រួតពិនិត្យជាតិវិទ្យុសកម្មដែលមានក្នុងបរិស្ថានសមុទ្រ​ និងធានាសុវត្ថិភាពនៃបរិស្ថានអេកូឡូស៊ីសមុទ្ររបស់ចិន។

ក្រុមអ្នកជំនាញរបស់ចិនក៏បាននិយាយដែរថា​ មានវិធីសាស្រ្តច្រើនជាងមួយដើម្បីសម្អាតសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងខេត្ត​ ហ្វូគូស៊ីម៉ា​ (Fukushima) ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានធ្វើការសម្រេចចិត្តបែបនេះដោយមិនចាំបាច់ខ្វាយខ្វល់ទៅដល់ផ្នែកហិរញ្ញវត្ថុ​ ដែលនេះជាឥរិយាបទគ្មានការទទួលខុសទាល់តែសោះ។

សូមបញ្ជាក់ថា​ រោងចក្រថាមពលនុយក្លេអ៊ែរ ដាយអ៊ីឈី​ (Daiichi) ក្នុងខេត្តហ្វូគូស៊ីម៉ា​ (Fukushima) បានបញ្ចេញទឹកសំណល់កខ្វក់មានជាតិវិទ្យុសកម្មយ៉ាងច្រើនចាប់តាំងពីរងការខូចខាតដោយសារការរញ្ជួយដី​ និងរលកយក្សស៊ូណាមិ​ក្នុងឆ្នាំ​២០១១​ ដោយសារវាត្រូវការទឹកដើម្បីធ្វើឱ្យរ៉េអាក់ទ័រត្រជាក់។

រដ្ឋាភិបាលជប៉ុនបានយល់ព្រមលេីផែនការបញ្ចេញសំណល់ទឹកកខ្វក់ចំនួន ១លាន៣សែនតោនពីរោងចក្រថាមពលនុយក្លេអ៊ែរនេះចូលទៅក្នុងមហាសមុទ្រដោយនឹងចាប់ផ្តើមនៅឆ្នាំក្រោយនៅពេលដែលអាងស្តុកទឹករបស់រោងចក្រនេះពេញ៕