ព័ត៌មានអន្តរជាតិ

អាមេរិកព្រមានថា​រុស្ស៊ីនឹងជួបផលវិបាកប្រសិនបេីសកម្មជនប្រឆាំងស្លាប់ក្នុងគុក

image

សាច់រឿង៖អាមេរិកបានព្រមានប្រទេសរុស្ស៊ីថា​ រុស្ស៊ីនឹងជួបផលវិបាកប្រសិនបើសកម្មជនប្រឆាំង​ លោក អាឡិចស៊ី​ ណាវ៉ាល់នី​ (Alexei Navalny) បាត់បង់ជីវិតនៅក្នុងពន្ធនាគារ។ 

អង់គ្លេស,​ បារាំង,​ អាល្លឺម៉ង់​ និងសហភាពអ៊ឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់រុស្ស៊ីទៅលេី​ លោក​ ណាវ៉ាល់នី​ ផងដែរ។ 

ក្រុមគ្រូពេទ្យរបស់​ លោក​ ណាវ៉ាល់នី​ បាននិយាយថា​ លោក​ ណាវ៉ាល់នី នឹងស្លាប់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ​ប្រសិនបើគាត់មិនបានទទួលការព្យាបាលការឈឺចាប់ឆ្អឹងខ្នងស្រួចស្រាល់ និងស្ពឹកជើង​ ជាបន្ទាន់ទេនោះ។ 

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេសបាននិយាយថា លោក​  ណាវ៉ាល់នី​ កំពុងស្វែងរកការចាប់អារម្មណ៍​ហេីយនឹងមិនត្រូវបានទុកឱ្យស្លាប់នៅក្នុងពន្ធនាគារឡេីយ។ 

លោក​ ណាវ៉ាល់នី​ អាយុ ៤៤ឆ្នាំ​ ដែលជាអ្នករិះគន់​ ប្រធានាធិបតីរុស្ស៊ី​ លោក​ វ្លាឌីមៀ​ ពូទីន​ (Vladimir Putin) ដ៏លេចធ្លោបំផុតនោះ​ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីខែកុម្ភៈពីបទចោទប្រកាន់ពាក់ព័ន្ធនឹងការកែបន្លំយកទ្រព្យសម្បត្ដិអ្នកដទៃ​ ប៉ុន្តែគាត់បានអះអាងថាការចោទប្រកាន់នេះជាហេតុផលនយោបាយ។

លោក​ ណាវ៉ាល់នី​ បានចាប់ផ្តើមធ្វើកូដកម្មបង្អត់អាហារខ្លួនឯង​នៅថ្ងៃទី៣១ ខែមីនា​ ហើយក្រុមគ្រូពេទ្យរបស់គាត់បាននិយាយថា​ លទ្ធផលនៃការធ្វើតេស្តឈាមថ្មីៗនេះបង្ហាញថាគាត់អាចមានបញ្ហាខ្សោយតម្រងនោមហើយអាចគាំងបេះដូងភ្លាមៗ៕