ព័ត៌មានជាតិ

៣ថ្ងៃ សហព័ន្ធស្រូវអង្ករកម្ពុជា លក់អង្ករជិត ៨០០តោន ក្រោមតម្លៃទីផ្សារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

image

អត្ថបទ៖ ចេង ឆហួត  

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានប្រាប់ CNC ឲ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា  រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨មក អង្ករជិត ៨០០តោន ត្រូវបានបញ្ចេញលក់ដោយសមាជិកចំនួន ១០ក្រុមហ៊ុន ដល់ទីផ្សារលក់រាយ និងលក់ដល់ដេប៉ូ ក្រោមតម្លៃទីផ្សារនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល អំឡុងពេលរាជរដ្ឋាភិបាលបានចេញវិធានការអនុវត្តបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកបន្តឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនសម្រេច ជួយបញ្ចុះតម្លៃបន្ថែមទៀត លើតម្លៃចាស់ ក្នុង ១តោន ពី ៥០ដុល្លារ ទៅ ១០០ដុល្លារ ក្នុង ១តោន ឬ ១បេ ទម្ងន់ ៥០គីឡូក្រាម បញ្ចុះតម្លៃពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ទៅតាមប្រភេទអង្ករ នីមួយៗ ផងដែរ។

បន្ថែមពីលើនេះ លោក លោក លន់ ម៉េង បានបន្ថែមទៀតថា ការនាំចេញអង្ករវិញ មិនសូវដំណើរការបានល្អទេ ដោយការរឹតត្បិតការធ្វើដំណើរ គឺពិបាកក្នុងការនាំចេញ ដូច្នេះហើយធ្វើឲ្យក្រុមហ៊ុននាំចេញរឹតតែនៅសល់អង្ករច្រើនថែមទៀត។ 

លោកអំពាវនាវដល់អាជ្ញាធរ ជួយសម្រួលដល់ការដឹកជញ្ជូន ពីព្រោះទីតាំងខ្លះគឺឡានដឹកអង្ករចូលទៅមិនបាន ដើម្បីចែកចាយលក់អង្ករទៅដល់ប្រជាពលរដ្ឋ ដែលតំបន់ខ្លះពួកគាត់បានជួបប្រទះការខ្វះខាតអង្ករ និងស្នើសុំដាក់កម្មករពី ៣ទៅ ៤នាក់ ដើម្បីអាចលើក-ដាក់ អង្ករបានងាយស្រួល បើពុំដូច្នោះទេ គឺមកតែឡានដឹកអង្ករ ប៉ុន្តែបែរជាគ្មានអ្នកលើកដាក់នោះឡើយ។

ជាមួយគ្នានោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្ភពីរឿងខ្វះអង្ករទទួលទាន ព្រោះថា អង្ករយើងមានគ្រប់គ្រាន់ពេញនៅក្នុងឃ្លាំងរោងម៉ាស៊ីនកិនស្រូវគ្រប់ទីតាំងទាំងអស់ ដោយសារតែយើងទើបប្រមូលផលស្រូវនាពេលថ្មីៗនេះ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីបញ្ជាក់បន្ថែមពីការលក់បញ្ចុះថ្លៃអង្ករបន្ថែម ពី ២០ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ក្នុងមួយតោន ឬ ពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ក្នុងមួយបេ ៥០គីឡូក្រាម លើតម្លៃគោលដែលបងប្អូនធ្លាប់ទិញកន្លងមក មិនមែនលក់ក្នុង ១បេ ៥០គីឡូក្រាម តម្លៃ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀលនោះទេ៕