ព័ត៌មានជាតិ

រដ្ឋាបាលខេត្តស្វាយរៀង ផ្អាកការធ្វើដំណើរចេញចូលសង្កាត់បាវិតរយៈពេល១៤ថ្ងៃ

image

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ដែលមានថិរវេលាអនុវត្តរយៈពេល១៤ថ្ងៃ គិតចាប់ ពីវេលាម៉ោងសូន្យនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

រយៈពេលខាងលើនេះ អាចត្រូវបានសម្រេចបន្ត ឬបញ្ចប់មុនថិរវេលាកំណត់ តាមការធ្ងន់ដំណឹងរបរដ្ឋបាលខេត្តស្វាយរៀង ។

រដ្ឋបាលខេត្តស្វាយរៀង បានបន្តថា ត្រូវរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង លើកលែងតែចំពោះករណីចាំបាច់ប៉ុណ្ណោះ។ ទន្ទឹមនេះ ត្រូវហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្ស ដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ១៩ លើកលែងចំពោះករណីចាំបាច់។

អាជ្ញាធរ នឹងបិទខ្ទប់រាល់ការធ្វើដំណើរចេញ-ចូល ក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ ក្រុមហ៊ុន កាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ GOOD LUCK និងក្រុមហ៊ុន EMPEROR ដែលមានទីតាំងស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត នៃក្រុងបាវិត លើកលែងការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ សៀង គ្រឿងឧបភោគបរិភោគ និងករណី ចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ 

អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់បុគ្គលគ្រប់រូបមានកាតព្វកិច្ចអនុវត្ដវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។បុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃសេចក្តីសម្រេចនេះ ត្រូវទទួលទណ្ឌកម្ម ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕