ព័ត៌មានជាតិ

ទីបំផុត តុលាការ បានចេញដីការឃុំខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលជាតិ និងបើករថយន្តល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ

image

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ដែលបានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយ(ផ្សាយផ្ទាល់តាមបណ្តាញសង្គម) ល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីការឃុំខ្លួន នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ពីបទ រារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសំគាល់ប្រើប្រាស់ដោយនគរបាល។

សូមបញ្ជាក់ថា បុរសរូបនេះ ត្រូវបាននគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនបុរសនេះ និងរថយន្តមួយគ្រឿង បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃើញបុរសរូបនេះ បើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕