ព័ត៌មានអន្តរជាតិ

ស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែឧសភាក្រោយសង្គ្រាមជាច្រើនឆ្នាំ

image

ដាម៉ាស់៖ សភាស៊ីរីបានប្រកាសថា ប្រទេសស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយ ខណៈដែលលោកប្រធានាធិបតី បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវបានគេរំពឹងទំនងនឹងកាន់អំណាចក្នុងអាណត្តិទី៤ជាបន្តទៀត។

បន្ទាប់ពីសង្គ្រាមរយៈពេល១០ឆ្នាំ រដ្ឋាភិបាលស៊ីរីបានគ្រប់គ្រងតំបន់ភាគច្រើនដែលមានពលរដ្ឋរស់នៅច្រើននៅក្នុងប្រទេសនេះ។ មនុស្សប្រហែល៤០ម៉ឺននាក់ត្រូវបានសម្លាប់និងជាងពាក់កណ្តាលនៃពលរដ្ឋស៊ីរីបានភៀសខ្លួន។

អ្នកនាំពាក្យសភាស៊ីរីបាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលក្នុងមួយអាណត្តិមានរយៈពេល៧ឆ្នាំនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា។ ការចុះបញ្ជីបេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះបានចាប់ផ្តើមនៅថ្ងៃចន្ទនេះហើយបញ្ចប់ក្នុងរយៈពេល១០ថ្ងៃ។

ជាមួយគ្នានោះ ពលរដ្ឋស៊ីរីដែលរស់នៅបរទេសនឹងអាចបោះឆ្នោតនៅតាមស្ថានទូតនៅថ្ងៃទី២០ ខែឧសភា។

គួរបញ្ជាក់ថា វានឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកទី២ដែលត្រូវបានធ្វើឡើងក្នុងអំឡុងសង្គ្រាមស៊ីវិល។ ការបោះឆ្នោតលើកមុនត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០១៤ដោយលោក អាសាដ (Assad) បានទទួលជ័យជំនះភ្លូកទឹកភ្លូកដី ប៉ុន្តែត្រូវបានអាមេរិក អឺរ៉ុប និងក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរីចាត់ទុកថាមិនមានលក្ខណៈប្រជាធិបតេយ្យនិងមិនស្របច្បាប់៕