ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងហោច១១នាក់ស្លាប់និង៩៨នាក់រងរបួសក្នុងគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវនៅអេហ្ស៊ីប

image

គែរ៖ ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស១១នាក់បានបាត់បង់ជីវិតនិង៩៨នាក់រងរបួសបន្ទាប់ពីរថភ្លើងមួយខ្សែបានបើកធ្លាក់ផ្លូវនៅក្នុងភាគខាងជើងរដ្ឋធានីគែរកាលពីថ្ងៃអាទិត្យ។

អាជ្ញាធរអេហ្ស៊ីបបាននិយាយថា រថភ្លើងនោះធ្វើដំណើរចេញពីរដ្ឋធានីគែរឆ្ពោះទៅកាន់ទីក្រុង ម៉ាន់សូរ៉ា (Mansoura) នៅពេលដែលទូរថភ្លើងចំនួន៤បានធ្លាក់ចេញពីផ្លូវនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីគែរនៅម៉ោងជិត២ថ្ងៃត្រង់។

អាជ្ញាធរបានបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។ 

ប្រទេសអេហ្ស៊ីបបានជួបប្រទះសោកនាដកម្មផ្លូវដែកជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីខែមីនាកន្លងទៅ រថភ្លើងពីរគ្រឿងបានបុកគ្នានៅក្បែរទីក្រុង តាសតា (Tahta) ស្ថិតនៅចម្ងាយប្រហែល៤៤០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីគែរដោយបណ្តាលឲ្យមនុស្សយ៉ាងហោច២០នាក់ស្លាប់និងជិត២០០នាក់រងរបួស។

នៅក្នុងខែនេះមានមនុស្ស១៥នាក់ផងដែរបានរងរបួសនៅពេលដែលទូរថភ្លើងចំនួនពីរបានធ្លាក់ចេញពីផ្លូវនៅទីក្រុងមួយដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីគែរ។

ពលរដ្ឋអេហ្ស៊ីបមួយចំនួនបានអំពាវនាវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក កាម៉េល អេល វ៉ាហ្សឺ (Kamel El-Wazir) ចុះចេញពីតំណែង ប៉ុន្តែលោកបានបដិសេធនិងប្តេជ្ញាបន្តធ្វើការលើការអភិវឌ្ឍបណ្តាញផ្លូវដែក៕