ព័ត៌មានអន្តរជាតិ

Huawei និងក្រុមហ៊ុន Arcfox ដាក់បង្ហាញរថយន្តអគ្គិសនីឆ្លាតវៃបំពាក់ដោយបច្ចេកវិជ្ជា5G

image

ប៉េកាំង៖ ក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតរថយន្តរបស់ចិន អាកហ្វក (Arcfox) បានតាំងបង្ហាញរថយន្តអគ្គិសនីឆ្លាតវៃបំពាក់ដោយបច្ចេកវិជ្ជា5Gដំបូងរបស់ពួកគេនៅក្នុងទីក្រុងសៀងហៃកាលពីថ្ងៃអាទិត្យ។

រថយន្តម៉ូដែល អាកហ្វក អាល់ហ្វាអេស ហួវៃ អេចអាយ (Arcfox aS Huawei HI) គឺជារថយន្តដំបូងបង្អស់ដែលត្រូវបានបំពាក់ដោយបច្ចេកវិជ្ជាប្រព័ន្ធ Huawei HI ទាំងស្រុងដោយរួមបញ្ចូល នូវបច្ចេកវិជ្ជាបណ្តាញ5Gដែលអាចធ្វើឲ្យរថយន្តបើកបរបានដោយខ្លួនឯងទៀតផង។

នៅក្នុងពិធីពិព័រណ៍រថយន្តនៅទីក្រុងសៀងហៃ ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួនមិនមានផែនការផលិតរថយន្តអគ្គិសនីក្រោមយីហោផ្ទាល់ខ្លួនទេ។

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិនមួយនេះបានស្វែងរកការអភិវឌ្ឍសមត្ថភាពប្រព័ន្ធ Software របស់គេដើម្បីជំនះលើការរឹតបន្តឹងរបស់អាមេរិកដែលបានបំផ្លាញអាជីវកម្មទូរស័ព្ទដៃស្មាតហ្វូន (Smartphone) របស់គេ។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ដ៏ធំជាងគេបំផុតនៅលើពិភពលោកត្រូវបានរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ចូលក្នុងបញ្ជីខ្មៅដោយសារការគំរាមកំហែងផ្នែកសន្តិសុខជាតិ។

គួរបញ្ជាក់ថា រថយន្តអគ្គិសនីម៉ូដែល អាកហ្វក អាល់ហ្វាអេស ហួវៃ អេចអាយ (Arcfox aS Huawei HI) នឹងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃជាង៥៩,០០០ដុល្លារអាមេរិក៕

ប្រែសម្រួល៖ នីតា