ព័ត៌មានជាតិ

ថ្លើមធំមែន! រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង លួចដឹកមនុស្ស ឆ្លងដែនពីភ្នំពេញ ចូលទៅកាន់ខេត្តរតនគិរី ដោយយកប្រាក់ចំនួន ៦០០ដុល្លារ

image

រតនគិរី៖ ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពក ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី (ភ្នំពេញ-រតនគិរី) ដោយរកឃើញមនុស្សសរុប ០៤នាក់។ រថយន្តសង្គ្រោះបន្ទាន់(សាមុយ)នេះ ពាក់ស្លាកលេខភ្នំពេញ 2BF-2271 ចេញពីមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)នៅភ្នំពេញ ដឹកមនុស្សមកកាន់ខេត្តរតនគិរី។ 

យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ក្រោយឃាត់រថយន្តនេះ សមត្ថកិច្ច បានរកឃើញមនុស្សចំនួន ៤នាក់ រួមមាន

១- ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ

២- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ អ្នកទាំង០២នាក់ជាកម្មករ មិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡើយ។

៣- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

៤- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

យោងតាមរបាយការណ៍ពីក្រុមការងារ បានបន្តឱ្យដឹងទៀតថា រថយន្តសាមុយនេះ ជាកម្មសិទ្ធឯកជនរបស់លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិកពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ ៦០០ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុង ឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន អ្នកទី១ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួនដើម្បីធ្វើចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធីច្បាប់។ ហើយជនទី៣ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហម ស្រុកកូនមុំ ដើម្បីធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតឱ្យដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យរដ្ឋ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ហើយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕