ព័ត៌មានជាតិ

ក្រសួងទេសចរណ៍សម្រេចបន្តបិទរមណីយដ្ឋាននៅទូទាំងប្រទេសចំនួន ៨ថ្ងៃថែមទៀត

image

អត្ថបទ៖ សុខ លីដា  

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសចក្តីជូនដំណឹង ស្តីពីការបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយ:ពេល០៨ថ្ងៃជាបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍បញ្ជាក់ថា ដោយអនុវត្ថតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តសហការជាមួយនឹងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគនមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ទូទាំងប្រទេសជាបណ្តោះអាសន្នរយ:ពេល០៨ថ្ងៃជាបន្តទៀតរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាកំហិត។

ទន្ទឹមនឹងនោះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានហ្មត់ចត់បំផុត ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគនមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួននៅក្នុងរយ:ពេលនៃការបិទជាបណ្តោះអាសន្ននេះ ដោយគ្មានការលើកលែងជាដាច់ខាត។

សូមជម្រាបថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុន្តែវិស័យទេសចរណ៍ ក៏ដូចជាវិស័យនានា បាន និងកំពង់តែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ សម្រាប់កម្ពុជា ការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរ និងតម្រង់ទិសច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕