ព័ត៌មានជាតិ

អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញដល់អាជ្ញាធរស្រុកទាំង៦ ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធិភាពចំពោះការហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នពីខេត្ត១ទៅខេត្ត១

image

ត្បូងឃ្មុំ៖ ដើម្បីចូលរួមអនុវត្តវិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានជំរុញដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេង ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាពក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសឆ្លងទៅពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេងៗ និងពីខេត្តផ្សេងៗមកខេត្តត្បូងឃ្មុំ។ 

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងដូចនេះក្នុងពេលចុះផ្តល់សម្ភារ និងថវិការជូនមន្ត្រីមានសមត្ថកិច្ចប្រចាំការតាមគោលដៅព្រំប្រទល់ខេត្តត្បូងឃ្មុំ និងខេត្តផ្សេង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ លោកបានលើកឡើងថា ទាំងអស់គ្នាត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ក្នុងនោះអាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកមេមត់ ស្រុកពញាក្រែក និងស្រុកអូរាំងឪ ដែលមានព្រំប្រទល់ជាប់ខេត្តផ្សេងៗ ត្រូវសហការឱ្យបានល្អជាមួយមន្ត្រីប្រចាំការតាមព្រំប្រទល់នីមួយៗ ដោយធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការលួយឆ្លងដោយខុសពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តត្បូងឃ្មុំ។ 

ជាមួយនឹងការរឹតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃមានភូមិផងក្បែគ្នាបើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឱ្យអាជ្ញាធរមូលដ្នានបញ្ជាក់ឱ្យបានច្បាស់។ ទន្ទឹមនឹងការរឹតបន្តឹងនេះអាជ្ញាធរភូមិ-ឃុំក៏ត្រូវតាមដានជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួនត្រូវរាយការណ៍ជូនអាជ្ញាធរស្រុកដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក្កជាបន្ទាន់៕ 

ដោយ៖ ជឹង សេងឡុង