ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ណែនាំដល់សមត្ថកិច្ចនៅតាមគោលដៅទាំងអស់ ត្រូវប្រើពាក្យសម្តី និងឥរិយាបទសមរម្យ ជាកងកម្លាំងមានវិន័យ 

image

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែមេសានេះ បានចេញការណែនាំបន្ទាន់មួយទៅដល់សមត្ថកិច្ចនៅតាមគោលដៅបិទខ្ទប់ទាំងអស់ ត្រូវប្រើពាក្យសម្តី និងឥរិយាបទសមរម្យជាមួយពលរដ្ឋ និងអ្នកធ្វើដំណើរ។ 

ការណែនាំនេះ បានធ្វើឡើងក្រោយពីមានការរិះគន់ថា សមត្ថកិច្ចនគរបាលនៅតាមគោលដៅ បានប្រើប្រាស់ពាក្យពេជន៍ និងឥរិយាបទមិនសមរម្យចំពោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដែលត្រូវឆ្លងកាត់កន្លែងបិទខ្ទប់។ 

នាយឧត្តមសេនីយ៍ នេត្រ សាវឿន បានមានប្រសាសន៍ថា “ មានការរិះគន់ថា កម្លាំងនៅតាមប៉ារ៉ាស់ទាំងអស់ ពេលជួបនិយាយស្តីជាមួយគេ មិនក្រោកឈរទេ អង្គុយកៅអីហើយរុញពីមួយទៅមួយ។ អង្គុយកៅអីចុះ តែដូរគ្នា។ អ្នកដែលនិយាយជាមួយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ត្រូវក្រោកឈរមានឥរិយាបទជាតម្រួត ឱ្យច្បាស់លាស់ ត្រូវកែសម្រួលភា្លម ហើយកុំរុញគ្នាទៅវិញទៅមក។ អ្នកណាក្រោកឈរឱ្យយោបល់សម្រេច ថា ឱ្យទៅ ឬមិនឱ្យទៅ អ្នកដែលអង្គុយ កុំនិយាយ គឺសម្រាក។ អ្នកសម្រេច គឺត្រូវឡើងឈរនិយាយជាមួយគេ ឱ្យមានឥរិយាបទជារបៀបកងកម្លាំងមានវិន័យថ្លៃថ្នូរ”៕