កីឡា

ធនាគារអាមេរិក JP Morgan ប្តេជ្ញាចិត្តចំពោះ European Super League ជាមួយនឹងទឹកប្រាក់ចំនួនប្រហែល ៥ ពាន់លានដុល្លារ

image

អឺរ៉ុប៖ ក្លិបបាល់ទាត់ឈានមុខគេចំនួន ១២ នៅអឺរ៉ុប បានមកជួបជុំគ្នាជារួមហើយប្រកាសថាពួកគេបានយល់ព្រមបង្កើតការប្រកួតប្រជែងពានរង្វាន់ថ្មីដែលនឹងធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍ គឺ European Super League ដែលគ្រប់គ្រងដោយ “ក្លិបស្ថាបនិក” ។ ក្លិបស្ថាបនិកនេះរួមមាន AC Milan, Arsenal, Atletico Madrid, Chelsea, Barcelona, Inter Milan, Juventus, Liverpool, Manchester City, Manchester United, Real Madrid និង Tottenham Hotspur ។

ការបង្កើត Super League កើតឡើងនៅពេលដែលជំងឺរាតត្បាតសាកលបានពន្លឿនអស្ថិរភាពក្នុងគំរូសេដ្ឋកិច្ចបាល់ទាត់អឺរ៉ុបដែលមានស្រាប់។ លើសពីនេះទៅទៀត អស់រយៈពេលជាច្រើនឆ្នាំទៅហើយគឺតាំងពីទសវត្សរ៍ឆ្នាំ៩០ ក្លិបស្ថាបនិកមានគោលបំណងក្នុងការកែលម្អគុណភាព និងអាំងតង់ស៊ីតេនៃការប្រកួតអឺរ៉ុបដែលមានស្រាប់ពេញមួយរដូវកាល និងបង្កើតទ្រង់ទ្រាយសម្រាប់ក្លិបកំពូល ៗ និងកីឡាករដើម្បីប្រកួតប្រជែងជាប្រចាំ។ ធនាគារអាមេរិក JP Morgan បានប្តេជ្ញាចិត្តចំពោះគម្រោងថ្មីនេះ ជាមួយនឹងទឹកប្រាក់ចំនួនប្រហែល ៥ ពាន់លានដុល្លារអាមេរិក។

វេបសាយ Super League បានសរសេរថា៖ “Super League គឺជាការប្រកួតប្រជែងថ្មីមួយរបស់អឺរ៉ុបរវាងក្លិបកំពូលៗ ចំនួន២០ ដែលមានក្លិបស្ថាបនិកចំនួន១៥ និងក្លិបដែលឆ្លងកាត់វគ្គជម្រុះប្រចាំឆ្នាំចំនួន៥ ហើយលេងជា២ពូល ដែលមួយពូលមាន១០ ក្លិប ដែលនឹងលេងក្នុងដី (HOME) និង ក្រៅដី (AWAY)​។ បន្ទាប់ពីឆ្លងកាត់វគ្គចែកពូល ក្លិបចំនួន៨ នឹងមានសិទ្ធិចូលរួមប្រកួតជម្រុះដែលលេងពីរជើងលេង (Knockout) ក្នុងដី (HOME) និង ក្រៅដី (AWAY) រហូតដល់ការប្រកួតដណ្តើមជើងឯក Super League តែមួយប្រកួត ហើយរយៈពេលគឺ៤សប្តាហ៍ ដើម្បីបញ្ចប់រដូវកាល។ ការប្រកួត​នឹងត្រូវបានលេងនៅពាក់កណ្តាលសប្តាហ៍ ហើយក្លិបទាំងអស់ នឹងនៅតែស្ថិតក្នុងការប្រកួតលីគក្នុងស្រុករបស់ពួកគេដដែល"។

ឆ្ពោះទៅរកការប្រកួតបែបនេះ ក្លិបស្ថាបនិកបានថ្លែងថាពួកគេទន្ទឹងរងចាំការពិភាក្សាជាមួយ UEFA និង FIFA ដើម្បីធ្វើការរួមគ្នាក្នុងភាពជាដៃគូដើម្បីផ្តល់នូវលទ្ធផលល្អបំផុតសម្រាប់លីកថ្មីនិងបាល់ទាត់ទាំងមូល។ ប៉ុន្តែគួររម្លឹកផងដែលថា កាលពីខែមករា FIFA បាននិយាយថាការប្រកួតលីគផ្តាច់ខ្លួនដូច្នឹងនោះ នឹងមិនត្រូវបានទទួលស្គាល់ឡើយ ហើយថ្លែងថា៖ “ក្លិបឬកីឡាករណាមួយដែលចូលរួមក្នុងការប្រកួតបែបនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតណាមួយដែលរៀបចំឡើងដោយ FIFA ឬសហព័ន្ធរបស់ពួកគេនោះទេ”។ នេះមានន័យថា គឺមិនឱ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុបនានា និងការប្រកួតបាល់ទាត់ពិភពលោក៕