សិង្ហបុរីបង្ហាញបំណងវិនិយោគលើវិស័យវារីវប្បកម្មទឹកសាបនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រុមហ៊ុនរបស់សិង្ហបូរីបង្ហាញពីគម្រោងវិនិយោគលើវិស័យវារីវប្បកម្មទឹកសាប ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ជាពិសេសការធ្វើវារីវប្បកម្មលើប្រភេទមឆ្ឆាជាតិសំខាន់ៗមួយចំនួនដែលមានតម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ ក៏ដូចជាការបង្កាត់ពូជប្រភេទមច្ឆាជាតិកម្រដែលស្ទើផុតពូជនៅប្រទេសកម្ពុជាក្នុងការចូលរួមថែរក្សា និងអភិរក្សធនធានជីវៈចម្រុះអោយមានប្រសិទ្ធភាព។

នេះបើតាមការលើកឡើងរបស់លោក PATRICk YAP នាយកគ្រប់គ្រងក្រុមហ៊ុន LUSH FOODS PTE LTD នៃប្រទេសសិង្ហបូរី ក្នុងអំឡុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្រ្តី​ សាយ សំអាល់ បានសម្តែងនូវការគាំទ្រ និងបានផ្តល់អនុសាសន៍​ ក៏ដូចជាការឆ្លើយតប​ ដោយឱ្យក្រុមហ៊ុនត្រូវអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអនុសញ្ញានៃការជួញដូរសត្វកម្រឆ្លងដែន(CITES)​ ធ្វើយ៉ាងណាដើម្បីទាំងអស់គ្នា​ ដើម្បីលើកកម្ពស់គុណភាព​ និងប្រសិទ្ធភាព​ នៅក្នុងការអនុវត្តការងារប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជានៅលើវិស័យបរិស្ថាននេះ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ការនាំចេញផលនេសាទរបស់កម្ពុជា ក្នុងរយៈពេល ៥ខែដំបូងឆ្នាំ ២០១៨នេះ បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះការនាំចេញផលនេសាទស្រស់បានប្រមាណ ៤១៧០តោន បានកើនឡើងចំនួន ៩០តោន និងផលនេសាទកែច្នៃអនុវត្តបានប្រមាណ ២៣៣០តោន នៃ បានកើនឡើងចំនួន ៣០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ក្រសួងកសិកម្មបង្ហាញទៀតថា ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ ២០១៨នេះ អាជីវកម្មនេសាទសម្រាប់ទឹកសាបសរុបប្រមាណជាង ១៤ម៉ឺនតោន ពោលគឺបានថយចុះ ១៥៨០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកឯផលិតកម្មផលនេសាទទឹកសមុទ្រ ទទួលបានប្រមាណ ៤៥៤៥០តោន ពោលគឺបានកើនឡើង ៦៧៥តោន ខណៈផលនេសាទវារីវប្បកម្ម ទទួលបានប្រមាណជាង ៧ម៉ឺន ២ពាន់តោន បានកើនឡើងជាង ១ម៉ឺន ២ពាន់តោន។

ប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញផលិតផលនេសាទទៅកាន់ប្រទេសជិតខាង ដូចជា វៀតណាម និងថៃ បន្ទាប់មកសិង្ហបុរី ជប៉ុន កូរ៉េ និងចិនជាដើម៕(អត្ថបទ៖ សៀម ប៊ុនធី )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation