ក្រសួងកសិកម្ម ដាក់ចេញវិធានការពង្រឹងការត្រួតពិនិត្យគុណភាពចំណីសត្វ និងបសុឳសថ ដែលនាំចូលពីក្រៅប្រទេស
| ព័ត៌មានជាតិ
SHARE

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម កំពុងដាក់ចេញវិធានពង្រឹងការត្រួតពិនិត្យគុណភាពចំណីសត្វ និងបសុឳសថដែលនាំចូលពីក្រៅប្រទេសក្នុងគោលបំណងលើកកម្ពស់ផលិតកម្មសត្វក្នុងស្រុក និងធានាសុវត្ថិភាពសុខភាពសាធារណៈជន។

ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានមានប្រសាសន៍ថា ការគ្រប់គ្រងគុណភាពចំណីសត្វ និងបសុឳសថបានល្អ គឺជាធាតុផ្សំដ៏សំខាន់ដែលជំរុញឲ្យការចិញ្ចឹមសត្វលូតលាស់ឆាប់រហ័សទៅតាម ការគ្រោងទុក ប៉ុន្តែបើចំណី ឬឳសថមិនមានគុណភាពវានឹងធ្វើឲ្យអ្នកចិញ្ចឹមទទួលការខាតបង់ ព្រមទាំងធ្វើឲ្យប៉ពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។

ឯកឧត្តមបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងក៏សាងសមត្ថភាពមន្ត្រីជំនាញរបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិស័យឯកជន ក៏ដូចជា សហគមន៍ឲ្យមានការយល់ដឹងកាន់តែទូលំទូលាយដើម្បីអនុវត្តរួមគ្នា។

ឯកឧត្តមបានអះអាងទៀតថា ប្រទេសកម្ពុជាបានចំណាយប្រមាណ ១៣០លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីនាំចូលចំណីសត្វ និងបសុឳសថ ដែលភាគច្រើនត្រូវនាំចូលពីប្រទេសវៀតណាម និងថៃ បើទោះបីការផលិតក្នុងស្រុកកំពុងមាននិន្នាការកើនឡើងជាលំដាប់ក៏ដោយ។

ជុំវិញការពង្រឹងការត្រួតនិត្យនាំចូលចំណីសត្វនេះ អ្នកនាង ហួន រតនៈ ដែលជាកសិករចិញ្ចឹមជ្រូកនៅខេត្តរតនគិរីបានបង្ហាញពីការគាំទ្រចំពោះវិធានការនេះ ដោយអ្នកចិញ្ចឹមជ្រូករូបនេះជឿថា វានឹងជួយជំរុញដល់ផលិតកម្មសត្វក្នុងស្រុកឲ្យកាន់តែរីកចម្រើន ព្រោះថា កន្លងមកអ្នកចិញ្ចឹមសត្វតែងតែចំណាយខ្ពស់ទៅលើចំណី ដែលធ្វើឲ្យពួកគាត់ពិបាកទទួលប្រាក់ចំណេញ ជាពិសេសប្រជាកសិករខ្នាតតូច។

តាមឯកឧត្តមឯកឧត្តម សេន សុវណ្ណ បានឲ្យដឹងថា សព្វថ្ងៃតម្រូវការសាច់ដែលមានគុណភាពល្អ កំពុងមាននិន្នាការកើនឡើង ដែលរំពឹងថា កើនឡើងដល់ ៣៥ម៉ឺនតោននៅឆ្នាំនេះ ខណៈការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណពី ២៥ទៅ ២៨ម៉ឺនតោនក្នុងមួយឆ្នាំ៕
អត្ថបទ៖ សៀម ប៊ុនធី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation