
យុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបទីតាំងចែកចាយប្រើប្រាស់ថ្នាំញៀនក្នុងរង្គសាលស្កាយឡាញ(Skyline Club) ឃាត់ខ្លួនមនុស្ស៥៣នាក់

ខេត្តព្រះសីហនុ ៖ សម្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីព្រះរាជាអាជ្ញា បានបើកយុទ្ធនាការបង្ក្រាបទីតាំង ចែកចាយប្រើប្រាស់ថ្នាំញៀន ទ្រង់ទ្រាយធំមួយកន្លែង ក្នុងរង្គសាលស្កាយឡាញ(បាឌីស្កូ) Skyline Club បើកយុទ្ធនាការចាប់ពីម៉ោង ១:៤៥នាទី រហូតដល់ម៉ោង៥ភ្លឺថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាក្នុងការចុះបង្ក្រាបនេះគឺឃាត់ខ្លូនបានមនុស្សចំនួន៥៣ នាក់ ស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ ភាគច្រើនជាបុគ្គលិកបំរើការងារក្នុងកាស៊ីណូហ្គោដិនស៊ី និង តុងហ្វាងមិនជូ ព្រមទាំងពលរដ្ឋខ្មែរ ចំនួន២៤នាក់ និងចាប់យកបានថ្នាំញៀន ខេតាមីន និង អិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសំរាប់លាយជាមួយទឹក៤ដប ។
ក្រោយពេលពេលធ្វើតេស្ដអ្នកទាំងអស់មានផ្ទុកសារធាតុថ្នាំញៀន។ សមត្ថកិច្ចដែលបានចុះទៅបង្ក្រាបផ្ទាល់ បានប្រាប់ថា ៖ ពេលឆ្មក់ចូលឆែកឆេរ អ្នកទាំងនោះកំពុងប្រើប្រាស់ជាក់ស្តែង តែម្តង។
បុរសម្នាក់ក្នុងចំណោម មនុស្ស៥៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ថ្នាំញៀនទាំងនោះ បានទិញក្នុងរង្គសាលនោះតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង ៥៣នាក់បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរបន្តតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ ប៉ៃ សុខឃីម
