ព័ត៌មានជាតិ

តំបន់រមណីយដ្ឋានប្រាសាទភ្នំបាណន់ មានសភាពស្ងប់ស្ងាត់ បើទោះបីជារាជរដ្ឋាភិបាល បានបើកតំបន់រមណីយដ្ឋាននៅទូទាំងប្រទេសឲ្យដំណើរការឡើងវិញក៏ដោយ 

image

បាត់ដំបង៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបើកដំណើរការឡើងវិញនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសកម្ពុជា បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងបន្តទៅក្នុងសហគមន៍ ដោយឡែកខេត្តបាត់ដំបងរហូតមកដល់នឹងពេលនេះនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត ក្នុងនោះតំបន់រមណីយដ្ឋានប្រាសាទភ្នំបាណន់ ស្ថិតក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ មិនខុសពីថ្ងៃដែលកំពុងមានការបិទតំបន់ទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នាពេលកន្លងមកនោះឡើយ ។

   អ្នកស្រី ទ្រី ទូច រស់នៅភូមិកន្ទឺ២  ឃុំកន្ទឺ២ បានប្រកបរបរលក់ដូរជាផលិតផលកសិកម្មផ្លែឈើហូបផ្លែរបស់ខ្លួនដែលដាំបានដោយខ្លួនឯងនៅតំបន់រមណីយដ្ឋានប្រាសាទភ្នំបាណន់  បានឱ្យដឹងថា បើទោះបីជាមានការបើកឱ្យដំណើរការឡើងវិញតំបន់កំសាន្តផ្សេងៗ ពិសេសរមណីយដ្ឋានប្រាសាទភ្នំបាណន់ គឺមិនសូវមានអ្នកមកលេងនោះទេ ហើយការលក់ដូរក៏មិនមានអ្នកចូលទិញដែរ ព្រោះដោយសារតែអ្នកទេសចរណ៍នៅតែមានការភ័យខ្លាចនឹងការឆ្លងជំងឺកូវីដ១៩ ។ អ្នកស្រីលើកឡើងទៀតថាភ្ញៀវទេសចរណ៍មានតិចតួចបានធ្វើដំណើរមកហើយ តែទៅហួស មកហួស។ 

  ចំពោះអ្នកស្រី ជឹម ចាន់ រស់នៅភូមិសរសរពក ឃុំកន្ទឺ១ បានមកលក់ដូរនៅតំបន់រមណីយដ្ឋានប្រាសាទភ្នំបាណន់នេះដែរ បានឱ្យដឹងថា គាត់មិនសូវហ៊ានទិញទំនិញឬនំចំណីយកមកលក់ច្រើននោះទេ ព្រោះខ្លាចលក់មិនដាច់ ដោយសារភ្ញៀវទេសចរណ៍មិនសំបូរដូចពេលមុនៗនោះឡើយ ។  អ្នកស្រី បានរំលេចឱ្យដឹងដែរថា ពីមុនគាត់លក់បានថវិកាសរុបទាំងដើមនិងចំណេញមិនតិចជាង៨០ម៉ឺនរៀលនោះទេក្នុងមួយថ្ងៃ តែបច្ចុប្បន្នរកតែ៥ម៉ឺនរៀលក្នុងមួយថ្ងៃមិនបានផង ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចក្នុងគ្រួសារផងដែរដោយសារជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទភ្នំបាណន់ ក្រៅពីការទស្សនាកំសាន្តប្រាង្គប្រាសាទនៅលើកំពូលភ្នំបាណន់រួមក នៅផ្នែកខាងក្រោមជើងភ្នំ ត្រង់ចំណុចកស្សិណទឹក ភ្ញៀវទេសចរណ៍អាចមកអង្គុយលេងកំសាន្តគយគន់ទេសភាព ដែលមានដើមឈើគ្រប់ប្រភេទបានដាំតម្រៀបគ្នាជាជួរៗ នៅក្នុងសួនដាំកូនឈើរបស់សម្តេចក្រឡាហោម ស ខេង ក្រោមការរៀបចំដោយរដ្ឋបាលស្រុកបាណន់ រួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ដើម្បីរក្សាពូជឈើសំខាន់ៗ ដែលកំពុងតែរិចរិលនិងបាត់បង់ស្ទើរអស់ដោយការកាប់បំផ្លាញពីឈ្មួញឈើ ។ ការបង្កើតសួនដើមឈើនេះឡើង ក៏ដើម្បីរក្សាការពារបរិស្ថានរបស់ជាតិយើងឲ្យបានគង់វង្ស ដែលរហូតមកដល់នឹងពេលនេះ កូនឈើទាំងនោះបាននឹងកំពុងលូតលាស់បានល្អ និងបានក្លាយទៅជាកន្លែងអង្គុយលេងកំសាន្តរបស់ភ្ញៀវទេសចរណ៍បានយ៉ាងសប្បាយរីករាយ ព្រមទាំងមានការរៀបចំជាខ្ចុះអង្គុយនៅតាមមាត់កស្សិណ ដែលបានរៀបចំឡើងដោយ ប្រជាពលរដ្ឋសម្រាប់ការលក់ដូរម្ហូបអាហារជូនភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តតំបន់រមណីយដ្ឋានប្រាសាទភ្នំបាណន់ ៕

ដោយៈ ឡាច សុគន្ធាវី