ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩​​ បានទៅទិញថ្នាំនៅឱសថស្ថានសួស្តី ក្បែរគល់ស្ពានច្បារអំពៅ, សូមអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព១៤ថ្ងៃ 

image

(ភ្នំពេញ)÷ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកជំងឺកូវីដ១៩ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ បានទៅទិញថ្នាំ នៅឱសថស្ថាន សួស្ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៣ ផ្លូវលេខ ៣៦៩ (ក្បែរគល់ស្ពានច្បារអំពៅថ្មី) រាជធានីភ្នំពេញ ពេលព្រឹកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ 

ក្នុងន័យដូចបានជម្រាបជូនខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

ជាមួយគ្នានោះ អនុគណៈកម្មការ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញត្រី និងអ្នកធ្លាប់មានទំនាក់ទំនងជាមួយ អ្នកលក់ត្រី នៅកន្លែងលក់ត្រី បោះដុំ ជាប់ស្ពានច្បារអំពៅ និងនៅខាងមុខផ្សារច្បារអំពៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះផងដែរ។ 

មូលហេតុ ដោយសារអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីតាំងខាងលើ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ។ 

អនុគណ:កម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពពេលចេញក្រៅផ្ទះ ដើម្បីជៀសផុតពីជំងឺកូវីដ១៩៕ 

ដោយ ÷ សន ពិសិដ្ឋ