ព័ត៌មានជាតិ

រាជរដ្ឋាភិបាលណែនាំវិធានការថ្មី ១៤ចំណុចដល់គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល និងខេត្តពាក់ព័ន្ធ ក្រោយពេលបញ្ចប់បិទខ្ទប់(lockdown)

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០៤ខែ ឧសភា ឆ្នាំ ២០២១នេះបានណែនាំបន្ថែមដល់ក្រសួងស្ថាប័នសមត្ថកិច្ច គណៈអភិបាលរាជធានី និងខេត្ត  រួមមាន៖

១- គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបន្តសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់នានាដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងស្ថាប័នពាក់ព័ន្ធនានា

ក្នុងការជំរុញការអនុវត្ត "យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់រូប នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាលដែលមានមនុស្សច្រើនកុះករធ្វើការនិងរស់នៅ ដោយធានា

ឱ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃកិច្ចដំណើរការនេះ។ ទន្ទឹមនេះ គណៈអភិបាលនៃបណ្តាខេត្តផ្សេងទៀត ក៏ត្រូវត្រៀមលក្ខណៈដូចគ្នានេះផងដែរដើម្បីចូលរួមជំរុញការអនុវត្ត "យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានលឿន ឆាប់រហ័ស

និងប្រកបដោយប្រសិទ្ធភាព សម្រាប់ភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។

២- ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺនេះទាំងនៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត គណៈអភិបាល

រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។

ការបិទខ្ទប់អាចកំណត់ជា “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ "តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿងៗ សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលស្រាលនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលរាជធានី ខេត្ត អាចកំណត់តំបន់ណាមួយដែលមានការឆ្លងកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងលក្ខណៈជា "តំបន់លឿងៗ ដើម្បីអនុវត្តវិធានការចាំបាច់នានាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនេះ ប៉ុន្តែអាចអនុញ្ញាតឱ្យមានការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់នេះទៅតំបន់ផ្សេងបាន។

៣- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ, គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះ ជាពិសេស“តំបន់ក្រហម” និង “តំបន់លឿងទុំ” ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

៤- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ គណៈអភិបាលរាជធានី ខេត្ត ត្រូវត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឱ្យមានការផ្គត់ផ្គង់ស្បៀងចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុងតំបន់ក្រហម”។ ក្នុងករណីមានតម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។

៥- គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរដែលចេញមកពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលវិលត្រឡប់ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៦- អាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោកទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗ។

ខ្លួន ជាពិសេស ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនូវមេរោគកូវដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនប្រភេទថ្មី។

៧- គណៈអភិបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដាក់ចេញរួមគ្នានូវវិធានការចាំបាច់នានាដែលត្រូវអនុវត្តក្នុងភូមិសាស្រ្តរាជធានី ខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា សំដៅគ្រប់គ្រង

តំបន់ដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

៨- គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ឬដាក់ចេញវិធានការរឹតត្បិត ឬហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចជា អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន,រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត,រោងសម្តែងសិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា និងសកម្មភាពការងារ ឬអាជីវកម្ម

ផ្សេងទៀត ដោយរួមទាំងការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

៩- គណៈអភិបាលរាជធានី ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ)ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ ត្រូវ

យកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់,ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ

បរិក្ខាវេជ្ជសាស្រ្តផ្សេងទៀត, ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត។

១០- គណៈអភិបាលរាជធានី ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស

ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ, ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀតព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្តនានា និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬដែលមិនធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

១១- គណៈអភិបាលរាជធានី ខេត្ត ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬអាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថាមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់បម្រើឱ្យភូមិសាស្រ្តរបស់ខ្លួន ឬបម្រើឱ្យផលប្រយោជន៍ទូទៅ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី,សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល,ឱសថស្ថាន, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្តផ្សេងទៀតព្រមទាំងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការផ្នែកសុខាភិបាលរួចរាល់ក្នុងការកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ ដោយឡែក ចំពោះទីតាំងរោងចក្រ សហគ្រាសជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តតាមចំណុចទី១២ នៃសេចក្តីណែនាំនេះ។

១២- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នាចេញសេចក្តីណែនាំអំពីវិធានការចាំបាច់នានាដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានរកឃើញថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

១៣- គណៈអភិបាលរាជធានី ខេត្ត ត្រូវចាត់វិធានការចាំបាច់នានាក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តនូវវិធានការសុខាភិបាលនានាដើម្បីប្រយុទ្ធ និង

ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការ "៣ ការពារ ៣ កុំ" នៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមផ្សារ,ទីកន្លែងលក់ទំនិញដែលមិនរៀបរយ, វត្តអារាម, វិហារសាសនា និងទីតាំងផ្សេងទៀតដែលមានសភាពអ៊ូអរនិងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។ ទន្ទឹមនេះ គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីចៀសវាងការរើសអើងចំពោះអ្នកដែលមកពីតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ឬអ្នកមានផ្ទុកមេរោគកូវីដ-១៩។

១៤- សម្រាប់ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងស្ថាប័នមានសមត្ថកិច្ចនិងគណៈអភិបាលរាជធានី ខេត្ត ត្រូវបង្កើនកិច្ចសហការដើម្បីចាត់វិធានការចាំបាច់នានាឱ្យបានឆាប់រហ័ស

និងទាន់ពេលវេលា ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត ដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និងអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផ្សេងទៀត ជាអាទិ៍ ការបិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬការកាត់ផ្តាច់ការធ្វើដំណើរចេញ-ចូលតំបន់នោះ, ការរឹតត្បិត ឬការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារឬមុខរបរដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បម្រាមគោចរ, ការកំណត់និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩, វិធានការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការធ្វើចត្តាឡីស័ក និងការព្យាបាល៕