ព័ត៌មានអន្តរជាតិ

ប្រធានកាកបាទក្រហមខេត្តកំពត​ ប្រាប់អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងគ្រប់គ្រងឱ្យម៉ឺងម៉ាត់ចំពោះការវិលត្រឡប់របស់ពលរដ្ឋចំណាកស្រុក

image

កំពត៖​ ថ្លែងក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១២៦គ្រួសារ មកពីឃុំចំនួន​ ១២ នៃស្រុកកំពង់ត្រាច លោក ជាវ តាយ អភិបាល​ និងជាប្រធានកាកបាទក្រហមខេត្តកំពត​ បានលេីកឡេីងថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់បច្ចុប្បន្ន ខេត្តកំពតមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន​ ១១នាក់ ហើយបានជាសះស្បើយ ចំនួន​ ៨នាក់ និងកំពុងសម្រាកព្យាបាល​ ៣នាក់ នៅមន្ទីរបង្អែកខេត្តម្នាក់ និងស្រុកកំពុងត្រាច ២នាក់។

លោកបានបន្តថា កន្លងមកប្រជាពលរដ្ឋខេត្តកំពត និងអាជ្ញាធរបានចូលរួមអនុវត្តតាមវិធានការរបស់ណែនាំរបស់ក្រសួងជំនាញ និងពាក់ព័ន្ធបាន ពិសេសការណែនាំរបស់ប្រមុខរាជរដ្ឋបាលបានល្អប្រសើរ  ហើយករណីវិជ្ជមានទាំងអស់នៅក្នុងខេត្តកំពត សុទ្ធតែនាំចូលពីខាងក្រៅទាំងអស់។  ទោះយ៉ាងណាក៏ដោយ រយៈពេលចុងក្រោយនេះ តាមរបាយការណ៍ ប្រជាពលរដ្ឋចំណាកស្រុកបានវិលត្រឡប់មកស្រុកកំណើតវិញច្រើនគួរឱ្យកត់សម្គាល់ដោយសារតំបន់ខ្លះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ពិសេសខេត្តព្រះសីហនុ ត្រូវបានបិទខ្ទប់ ធ្វើឱ្យពលរដ្ឋមិនអាចប្រកបការងាររបស់ខ្លួនបាន។ បញ្ហានេះមានការព្រួយបារម្ភ​ និងបានប្រាប់ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ ចំពោះប្រជាពលរដ្ឋចំណាកស្រុក ពិសេសត្រូវរាយការណ៍បន្ទាន់ នៅពេលពលរដ្ឋចំណាកស្រុក វិលត្រឡប់ចូលស្រុកកំណើតវិញ ដើម្បីឱ្យមន្ត្រីជំនាញចុះទៅពិនិត្យសុខភាព និងណែនាំឱ្យធ្វើចត្តាឡីស័ក ក្នុងករណីមានបញ្ហាសង្ស័យត្រូវយកសំណាកតែម្តង។ 

ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបារម្ភពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ  និងបានចែកអំណោយកាកបាទក្រហមកម្ពុជា មានអង្ករ​ ២៥គីឡូក្រាម ត្រីខ​ ១០កំប៉ុង ទឹកត្រី១យួរ ទឹកបរិសុទ្ធ​ ១កេស និងថវិកាមួយចំនួនជួនដល់ពលរដ្ឋផងដែរ៕

អត្ថបទ៖ វង្ស សុធារម្យ