កសិករចិញ្ចឹមជ្រូកនៅមណ្ឌលគិរីកំពុងរីករាយ ជាមួយតម្លៃទីផ្សារតម្លៃក្នុងកម្រិតមួយសមរម្យ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ កសិករចិញ្ចឹមជ្រូកនៅខេត្តមណ្ឌលគីរីដែលបានទទួលចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ក្នុងការប្រលងប្រណាំងកសិករឆ្នើមនៅទីក្រុងភ្នំពេញ ផ្នែកចិញ្ចឹមជ្រូក បាននិងកំពុងទទួលភាពជោគជ័យ គ្រាដែលទីផ្សារតម្លៃជ្រូក ឋិតក្នុងកម្រិតសមរម្យ ហើយគួបផ្សំជាមួយបច្ចេកទេសចិញ្ចឹមជ្រូកល្អ ធ្វើឲ្យជ្រូកគ្មានជម្ងឺ ដែលធ្វើឲ្យលោកមិនប្រឈមនិង ការខាតបង់ក្នុងរបរមួយនេះឡើយ ។

លោក រិទ្ធី ជាកសិករចិញ្ចឹមជ្រូកនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានឲ្យដឹងថា សព្វថ្ងៃនេះលោកចិញ្ចឹមជ្រូកបែប លក្ខណៈគ្រួសារ ប៉ុណ្ណោះ ប៉ុន្តែលោកមានបទពិសោធន៍ និងបច្ចេកទេសត្រឹមត្រូវក្នុងការ ចិញ្ខឹមសត្វជ្រូកនេះ ដោយមានការផ្ដល់វីតាមីន ឬការចាក់វ៉ាក់សាំង តាមពេលវេលាកំណត់ត្រឹមត្រូវ រួមផ្សំជាមួយការចិញ្ចឹម ប្រកបដោយអនាម័យទៀតនោះ បានធ្វើឲ្យជ្រូករបស់លោកធំធាត់លឿន និងពុំមានជម្ងឺ ដែលបង្កភាពងាយស្រួលក្នុងការចិញ្ចឹម និងការលក់ទៅលើទីផ្សារ ។

លោករលឹកថា កាលដែលលោកផ្ដើមចិញ្ចឹមជ្រូកដំបូងនៅឆ្នាំ២០០១ គឺមានជ្រូកតែពីរក្បាលប៉ុណ្ណោះ ហើយបន្ទាប់ មកមានការឧបត្ថមជ្រូកពីរក្បាលទៀត ដែលជាជំនួយរបស់អង្គការ EU ក្រោយពីនោះលោកបានចាប់យករបរនេះរហូតមក និងបានសិក្សាផ្នែកបច្ចេកទេសតាមប្រព័ន្ធអ៊ីនធើណេត និងសិក្សាពីពេទ្យសត្វ ដែលធ្វើឲ្យលោកអាចចិញ្ចឹម និងថែទាំសត្វ ជ្រូកឲ្យមានសុខភាពល្អ និងពង្រីកការចិញ្ចឹមនេះ ចាប់តាំងពីជ្រូក០២ក្បាល រហូតដល់១៤០ក្បាលនាពេលបច្ចុប្បន្ន ហើយកាលពីឆ្នាំ២០១៦ គ្រាដែលតម្លៃសាច់ជ្រូកមានការធ្លាក់ចុះ ធ្វើឲ្យកសិករមួយចំនួនក្នុងខេត្តបានបោះបង់ការចិញ្ចឹម ប៉ុន្តែសម្រាប់លោកមិនបោះបង់នោះទេ លោកនៅតែតស៊ូចិញ្ចឹម រហូតតម្លៃសាច់ជ្រូកបានឡើងថ្លៃបន្តិចវិញ ។

លោក រិទ្ធី បញ្ជាក់ថា ក្នុង១ខែគឺលោកអាចលក់ជ្រូកទៅលើទីផ្សារបាន ចន្លោះពី១០ទៅ២០ក្បាល ហើយបើគិតពីផលចំណេញវិញនោះ គឺលោកអាចរកចំណូលពី ការលក់ជ្រូកបានប្រហែលជា២លានរៀលក្នុង១ខែផងដែរ។ លោកបន្ថែមថា ប្រសិនបើតម្លៃសាច់ជ្រូកនៅលើទីផ្សារ មានតម្លៃប្រមាណ៩ពាន់រៀល ក្នុង១គីឡូក្រាមដូចសព្វថ្ងៃ លោកក៏មានគម្រោងពង្រីកការចិញ្ចឹមទ្វេរដង ដើម្បីទាញយកប្រាក់ចំណូលឲ្យបានខ្ពស់ជាងបច្ចុប្បន្ននេះទៀត៕អត្ថបទ ៖ នាង ចាន់ថា +ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation