ពលរដ្ឋលិចលង់ដោយទឹកជំនន់ក្នុងខេត្តកំពង់ចាម១៥២៦គ្រួសារ ទទួលបានអំណោយពីប្រជាជនចិន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ អំណោយជាគ្រឿងឧបភោគ និងបរិភោគជាច្រើនមុខត្រូវបានផ្តល់ជូនផ្ទាល់ដៃដល់ប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកទន្លេមេគង្គក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយអំណោយដែលផ្តល់ជូននេះគឺជាអំណោយរបស់ប្រជាជន និងសាធារណៈរដ្ឋប្រជាមានិតចិន តាមរយះឯកឧត្តម ស្ហុង បូ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ 

បើតាមរបាយការណ៍ពីលោកអភិបាលស្រុកកោះសូទិនបានបញ្ជាក់ថា ស្រុកកោះសូទិនត្រូវបានជន់លិចស្ទើរទាំងស្រុង និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារទទួលរងផលប៉ះពាល់ រួមទាំងផលដំណាំ ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាពក៏ទទួលរងផលប៉ះពាល់ដូចគ្នា។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា​ រឿងបោះឆ្នោតក៏ជារឿងបោះឆ្នោត មិនថានៅមុន ក្រោយ និងថ្ងៃបោះឆ្នោតនោះទេ អោយតែកន្លែងណាដែលប្រជាពលរដ្ឋកម្ពុជាយើងជួបប្រះទនៃគ្រោះមហន្តរាយ នៅពេលនោះគឺតែងមានវត្តមានគណៈបក្សប្រជាជនកម្ពុជា ហើយក្នុងនាមគណៈបក្សប្រជាជនកម្ពុជាគឺខិតខំប្រឹងប្រែងជួយទៅលើអ្វីដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរជុំវិញការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោកពិតជាមានការប្រែប្រួលខ្លាំងទាំងទឹកជំនន់ គ្រោះរាំងស្ងួត ហើយក៏មានអ្នកស្លាប់ដោយសារការកើនឡើងកំដៅនៅក្នុងប្រទេសមួយចំនួន ហើយប្រទេសជិតខាងយើងដូចជាប្រទេសឡាវក៏មានការលិចលង់ដោយទឹកជំនន់ និងមានការបន្តជន់លិចមកក្នុងខេត្តនានានៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថានៅក្នុងដំណាក់កាលនេះយើងមិនទាន់ដឹងថាស្ថានភាពកំពស់ទឹកទន្លេមេគង្គបន្តស្រុកចុះ ឫនឹងឡើងមកវិញនោះទេ គឺបងប្អូនប្រជាពលរដ្ឋត្រូវសហការជាមួយអជ្ញាធរដែនដីដើម្បីធ្វើការរស់នៅជាបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព ហើយមន្ទីរក្រសួង និងអជ្ញាធរពាក់ព័ន្ធត្រូវបន្តតាមដាននូវស្ថានភាពទឹកទន្លេមេគង្គ និងវាយតំលៃឲ្យបានជាប្រចាំក្នុងអំឡុងពេល និងក្រោយពេលទឹកជំនន់ថាតើដំណាំកសិផលរបស់ប្រជាពលរដ្ឋ រងការខូចខាតទំហំប៉ុណ្ណាដើម្បីឲ្យមន្ទីរជំនាញជួយផ្តល់ជាពូជស្រូវជាដើមជូនដល់ប្រជាពលរដ្ឋ ជាងនេះទៅទៀតផ្លូវថ្នល់ណាខ្លះដែលទទួលរងការខូចខាត គឺមន្ទីរអភិវឌ្ឍន៍ និងមន្ទីរសាធារណៈការត្រូវចាប់ផ្តើមជួសជុលឡើងវិញជាបន្តបន្ទាប់ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរនិងប្រកបមុខរបរ។

ឯកឧត្តមហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះប្រជាជន និងសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អំណោយយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ដោយទឹកទន្លេមេគង្គនៅក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាមនៅក្នុងឱកាសនេះ៕

អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation