នាយក ប.ស.ស អំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករដែលពុំមានបណ្ណបើកបរ មកកដាក់ពាក្យស្នើសុំជាមួយក្រុមការងារ ប.ស.ស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រទី១៧ ខែសីហានេះ ក្នុងពិធីចែកបណ្ណបើកបរដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខ សង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការដ៏ល្អ រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់រហូតទទួលបាន លទ្ធផលល្អ ប្រសើរជាបន្តបន្ទាប់មក។

ឯកឧត្តម អ៊ុក សមវិទ្យា បញ្ជាក់ថា លទ្ធផលជាក់ស្តែងបន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រ សាប្រីណាចំនួន ៦៨នាក់ ដែលទទួលបានបណ្ណបើកបរកាលពីប៉ុន្មានថ្ងៃមុននោះ នៅថ្ងៃនេះ អ្នកបើកបររថយន្ត ដឹកជញ្ជូនកម្មករ កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ២០០នាក់ទៀតហើយ បានទទួលបណ្ណបើកបរពីប.ប.ស បន្ទាប់ពីពួកគេបានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូ វទៅតាមច្បាប់ដែលបានកំណត់ ដែលមានទាំងការប្រឡងទ្រឹស្តី និងដៃចង្កូតផ្ទាល់។

ទាក់ទងនឹងបញ្ហានេះ នាយកប.ស.ស បានសំណូមពរដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងបណ្តារោងចក្រនានាត្រូវបន្តផ្តល់កិច្ចសហការដូចដែលធ្លាប់បានធ្វើកន្លងមក បន្តអនុវត្តតទៅទៀត ជាពិសេស ឯកឧត្តម អ៊ុក សមវិទ្យា បានអំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករដែលពុំមានបណ្ណបើកបរ និងមានបណ្ណបើកបរមិនស្របតាម ប្រភេទយាន សូមមកដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរជាមួយក្រុមការងារ ប.ស.ស នៅពេលដែលក្រុមការងារចុះ ទៅបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រនានា ដើម្បីទទួលបានបណ្ណបើកបរ ស្របតាមច្បាប់ចរាចរផ្លូវគោកដែលបានកំណត់ ដើម្បីធានាសុវត្ថិភាពជូនកម្មករកម្មការនីរបស់យើង។

សូមជំរាបថា រយៈពេលមួយខែកក្កដា ឆ្នាំ២០១៨ ប.ស.ស សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្ដុះបណ្ដាល ប្រឡងផ្ដល់បណ្ណបើកបរ បានចំនួន ០៧លើក ជាលទ្ធផលអ្នកបើកបរប្រឡងជាប់ជាស្ថាពរចំនួន ៥២៤នាក់ ក្នុងនោះប្រភេទ “ខ” ចំនួន ៤០៩នាក់ និងប្រភេទ “ឃ២” ចំនួន ១១៥នាក់។ គិតមកត្រឹមខែសីហា ឆ្នាំ២០១៨នេះ អ្នកបើកបររថយន្តដឹកកម្មករ ដែលមានបណ្ណបើកបរមានការកើនឡើងដល់ទៅ ៣៩៨៥នាក់ ស្មើនឹង ៩១% ខណៈដែលអ្នកដែលគ្មានបណ្ណបើកបរ ការថយចុះនៅត្រឹមតែ ៣៨៤នាក់ ស្មើនឹង៩% ៕អត្ថបទ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation