ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍នឹងត្រូវបានដាក់នៅតាមផ្លូវសំខាន់ៗ និងផ្លូវចេញចូលគ្រប់មណ្ឌលប្រឡងនៅភ្នំពេញ ចាប់ពីម៉ោង៥ព្រឹក

image

(ភ្នំពេញ)៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ ខែសីហា ខាង មុខនេះ រដ្ឋបាលរាជធានីភំ្នពេញ នឹងដាក់កម្លាំងសមត្ថកិច្ច នៅគ្រប់មណ្ឌលប្រឡងទាំង២៥ និង មណ្ឌលកំណែទាំង១០ នៅភ្នំពេញដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អ ដល់ បេក្ខជនប្រឡងជាង២ម៉ឺននាក់។


ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃប្រឡងបាក់ឌុប នាថ្ងៃទី១៧ ខែសីហា នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ខែសីហា ដើម សប្តាហ៍ក្រោយនេះ។ ចំពោះចំនួនកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ពិតប្រាកដប៉ុន្មាននោះ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ សុំមិនប្រាប់ចំនួននោះទេ ព្រោះថាវាជាសន្តិសុខសង្គមជាតិ។


ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា នៅថ្ងៃទី២០ និងថ្ងៃទី២១ សាលារាជធានីភ្នំពេញ នឹងដាក់កម្លាំងនគរបាលចរាចរណ៍ គ្រប់ដងផ្លូវសំខាន់ៗទាំងអស់ ជាពិសេសផ្លូវចេញចូលទៅមណ្ឌលប្រឡងទាំង២៥ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹកតទៅ ដោយសារបេក្ខជនប្រឡងនៅរាជធានីភ្នំពេញ ទាំងអស់មានចំនួនជាង២ម៉ឺននាក់។


ដោយឡែកឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ថ្លែងថា នេះជាលើកទី៥ ហើយ ដែលក្រសួងអប់រំធ្វើកំណែទម្រង់នៃការប្រឡងមធ្យមសិក្សា ទុតិយភូមិ ដែលមានអ្នកសង្កេតការណ៍ ចូលរួមតាមគ្រប់សកម្មភាព របស់បេក្ខជនប្រឡង។ ចំពោះកំណែទម្រង់នៃការប្រឡងទាំង៤ លើកកន្លងទៅគឺទទួលបាន ជោគជ័យដ៏ធំធេងផងដែរ។ឯកឧត្តម អនុរដ្ឋលេខាធិការ អោយដឹងថា មណ្ឌលប្រឡងនៅរាជធានីភ្នំពេញមានចំនួន២៥ មណ្ឌល គិតជាបន្ទប់ប្រឡងមាន ចំនួន៩១៣បន្ទប់ ដែលមានបេក្ខជនប្រឡងចំនួន ២២៧៧៨នាក់។


ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើអោយអាជ្ញាធររាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោង នៅតាមមណ្ឌលប្រឡងទាំងអស់ និងការពារសុវត្ថិភាពនៅមណ្ឌលទាំង១០កន្លែងនៅរាជធានីភ្នំពេញរហូត ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ ឯកឧត្តមលើកឡើងថា គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើអោយបែកធ្លាយវិញ្ញាសារជាសាធារណៈ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសអោយខានតែបាន៕(អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា )


ព័ត៌មានទាក់ទង...