ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តរតនគិរីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ ក្រោយពីមានភ្លៀងជាបន្តបន្ទាប់ជិត ២ខែកន្លងមកនោះ ឯកឧត្ដម ថង សាវុន ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី នៅថ្ងៃទី១៦និង១៧ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកជំនន់ ព្រមទាំងនាំយកអំណោយកាកបាទក្រហមខេត្តមួយចំនួនទៅចែកជូនជាបឋម ដល់ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ពីទឹកជនន់ក្នុងស្រុកវើនសៃ ស្រុកអណ្ដូងមាស និងស្រុកតាវែង។

ការដឹកនាំដំណើរចុះជួបប្រជាពលរដ្ឋ សួរសុខទុក្ខរយៈពេល ២ថ្ងៃដល់មូលដ្ឋាន ដែលកំពង់ជួបកាលំបាក ដោយសារការយាយីពីទឹកជំនន់នេះដែរ ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី រួមជាមួយអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន តាមបណ្ដាស្រុកទាំង៣ គឺស្រុកវើនសៃ ស្រុកអណ្ដូងមាស និងស្រុកតាវែងផងដែរ។

យោងតាមរបាយការណ៍អជ្ញាធរស្រុកអណ្ដូងមាស បានឲ្យដឹងថា ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋចំនួម ៣ឃុំ ក្នុងនោះមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ។ ចំណែកស្រុកតាវែង ឃុំចំនួន២ ស្មើ១៩ភូមិ ដែលរងផលប៉ះពាល់ ក៏ប៉ុន្តែលោក សុវណ្ណ ធិន អភិបាលស្រុកតាវែង បានបញ្ជាក់ថា មិនមានផលប៉ះពាល់រហូតដល់ខាត់បង់ទ្រព្យសម្បត្តិធ្ងនធ្ងរនោះទេ ដោយសារអាជ្ញាធរមូលដ្ឋាន បានប្រកាសឲ្យពួកគាត់ត្រៀមលក្ខណៈ ប្រុងប្រយ័ត្នជាមុន បន្ទាប់ពីឃើញស្ថានភាពទឹកចាប់ផ្ដើមឡើង។

ដោយឡែករបាយការណ៍ជាក់លាក់មួយពីអាជ្ញាធរស្រុកវើនសៃ បានឲ្យដឹងថា ដីស្រែចម្ការ របស់ប្រជាពលរដ្ឋសរុបចំនួន ១.៥៩៤ហិកតា ក្នុងឃុំចំនួន៩ ក្នុងស្រុកវើនសៃ ត្រូវរងផលប៉ះពាល់ពីទឹកជំនន់។ ហើយទឹកជំនន់នេះទៀតក៏បានធ្វើឲ្យប្រជាពលរដ្ឋចំនួន១.០១៥គ្រួសារ ប៉ះពាល់ដល់លំនៅស្ថានពួកគាត់ផងដែរ។ ក៏ប៉ុន្តែលំនៅស្ថានដែលមានផលប៉ះពាល់ខ្លាំង ត្រូវអាជ្ញាធរអាជ្ញាធរស្រុក ដែលមានកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងស្រុកវើនសៃ បានជម្លៀសប្រជាពលរដ្ឋ បានចំនួន១៤៨គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពហើយ។

ហើយឯកឧត្ដមប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ឲ្យត្រៀមជួយប្រជាពលរដ្ឋ បន្ថែមទៀត មិនថាយប់ឬថ្ងៃនោះទេ។

គួរបញ្ជាក់ថា រយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦និង១៧ ខែសីហា កន្លងមកនេះ ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំង ចុះដល់លំនៅស្ថានរបស់ប្រជាពលរដ្ឋ ព្រមទាំងនាំយកមី ថ្នាំពេទ្យ និងអង្ករ ដែលជាអំណោយសង្គ្រោះបឋមរបស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងស្រុកទាំង៣ គឺស្រុកវើនសៃ ស្រុកអណ្ដូងមាស និងស្រុកតាវែង។ ហើយឯកឧត្ដម បន្តតាមដាន ស្ថានភាពទឹក រហូតដល់វេលាម៉ោង ៧យប់ ទើបធ្វើដំណើរ ចូលមកទីរួមខេត្តវិញផងដែរ៕ (ប៉េស សារី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation