ព័ត៌មានជាតិ

ក្រុមជើងខ្លាំងជំនាញលួចពីរនាក់ជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ

image

ខេតត្តព្រះសីហនុ៖ ជនសង្ស័យដែលជាជើងខ្លាំងជំនាញលួចពីរនាក់បានជាប់អន្ទាក់សមត្ថកិច្ចនគរ​បាលខេត្តព្រះសីហនុនឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី១៨សីហាឆ្នាំ២០១៨​ពីបទធ្វើសកម្មភាពលួចយកម៉ូតូ នៅមុខមន្ទីពេទ្យ៨៨៨ ( ចាស់ ) ខណៈពេលដែលម្ចាស់ចូលទៅទិញថ្នាំនៅក្បែរនោះ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។


លោកវរៈសេនីយ៍ឯក ស៊ុត សំអុន នាយកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា​ ដោយមានបទបញ្ជាពី ឯ ឧ ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តបន្ទាប់ពីបានទទួលដំណឹងករណីប្លន់ភ្លាមៗនោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានដាក់កម្លាំងស្ទាក់ចាប់បានជនសង្ស័យក្នុងពេលដែលគេកំពុងជិះម៉ូតូដែលគេលួចបាននៅជិតរង្វង់មូលតោ២ និងឈានដល់ការឃាត់ខ្លួនបានបក្ខពួករបស់គេម្នាក់ទៀត ។


ជនសង្ស័យចំនួន ០២នាក់នេះរួមមាន៖
១-ឈ្មោះ ហឺម ចាន់រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ​ ជាជនដៃដល់។
២-ឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ​ ជាបក្ខពួកសមគំនិត។


ជាមួយគ្នានេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងបាន​ ដូចជាម៉ូតូ៣គ្រឿង៖ -ម៉ូតូម៉ាក វ៉េវអេស ស៊េរីចាស់ គ្មានស្លាកលេខ ( ផលនៃអំពើលួច ),​ម៉ូតូម៉ាកអ៊ែរប្លែត ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន( ផលនៃអំពើលួច ) និងម៉ាកវីសស្តុនពណ៍ស១គ្រឿង។
បច្ចុប្បន្នចំពោះជនសង្ស័យទាំង ០២នាក់និងវត្ថុតាងខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៨សីហាឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕(អត្ថបទ៖ ប៉ៃ​ សុ​ឃី​ម)