អាជ្ញាធររាជធានីណែនាំអាជ្ញាធរខណ្ឌនិងសមត្ថកិច្ចពាក់ព័ន្ធ បន្តរឹតបន្តឹងបង្រ្កាបបទល្មើសគ្រឿងញៀន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និង មន្រ្តីពាក់ព័ន្ធទាំងអស់ បន្តរឹតបន្តឹងការចុះល្បាត និងបង្រ្កាប នូវរាល់បទល្មើស ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
ប្រសាសន៍ណែនាំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែសីហានេះ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន រាជធានីភ្នំពេញ នៅរដ្ឋបាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីប៉ូលីសនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ អាជ្ញាធរខណ្ឌទាំង១២និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិបាល បានបន្តទៀតថា កន្លងមកនេះ អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធមួយចំនួន ហាក់មានការ ព្រងើយកណ្តើយ ចំពោះការបង្រ្កាបការផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់នៃគ្រឿងញៀន ទៅដល់មហាជនយុវជនធ្វើឱ្យការប្រើប្រាស់គ្រឿងញៀន ត្រូវបានគេមើលឃើញថា មានករណីកើតឡើងជាច្រើន ជាពិសេសនៅពេលថ្មីៗនេះ មានការណីចរាចរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវកម្លាំងមានសមត្ថកិច្ចសហការគ្នាអន្តរាគមន៍និងចាប់បាននៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ផលប៉ះពាល់របស់គ្រឿងញៀនមិនមែនចំពោះមនុស្សចាស់ឬក្មេងទេ គឺវាអាចកើតមានលើបុគ្គលគ្រប់រូប បើយើងមិនបានយកចិត្តទុកដាក់នោះទេ អ្វីដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះគឺក្នុងស្រទាប់យុវជន ដោយសារតែ យុវជនជាកម្លាំងស្នូល ជាទំពាំងស្នងឬស្សី ជាធនធានដ៏មានតម្លៃ ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា ការទប់ស្កាត់គ្រឿងញៀន ទទួលជោគជ័យទៅបាន គឺ មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយ ឬ បុគ្គលណាម្នាក់នោះទេ គឺជាការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ដើម្បីជោគវាសនា អនាគត កូនចៅ យើងទាំងអស់គ្នា៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation