កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេសរយៈពេល៧ខែ ឆ្នាំនេះកើនឡើងប្រមាណ២០%
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានឲ្យដឹងថា គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេស មានចំនួនជាង ១០ម៉ឺនតោន កើនឡើងប្រមាណជា២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍នេះបានបង្ហាញទៀតថា ចំណូលបានពីការនាំចេញជ័រកៅស៊ូរបស់ប្រទេសកម្ពុជា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៨នេះ មានចំនួនជាង ១៤០លានដុល្លារអាមេរិក ដោយតម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ១,៤១២ដុល្លារក្នុង១តោន ដែលតម្លៃនេះធ្លាក់ចុះប្រមាណជាង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីឆ្នាំមុន កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 20ម៉ឺនតោន ដែលធ្វើឲ្យរកចំណូលបានប្រមាណជាង 300លានដុល្លារអាមេរិកពីការនាំចេញនេះ។ ទីផ្សារសំខាន់សម្រាប់នាំចេញកៅស៊ូកម្ពុជា មានដូចជាប្រទេសវៀតណាម សិង្ហបុរី និងម៉ាឡេស៊ី និងជាពិសេសប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជា។

បើគិតមកទល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជាង ៤៣ម៉ឺន៦ពាន់ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូមានចំនួនជាង ១៧ម៉ឺន៣ពាន់ហិកតា ដែលស្មើនឹងជាង៣៩% និងផ្ទៃដីថែទាំមានចំនួនជាង ២៦ម៉ឺនហិកតា ដែលស្មើនឹង ៦១%៕ (អត្ថបទ អៀវ ឈៀងនី )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation