ក្រសួងអប់រំប្រកាសថា ដំណើការប្រឡងបាក់ឌុបក្នុងព្រឹកថ្ងៃទីពីរនេះ បានបញ្ចប់ដោយជោគជ័យ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ បន្ទាប់ពីដំណើការសំណេរនៅព្រឹកថ្ងៃទីពីរបានចប់សព្វគ្រប់នៅម៉ោង ១១ព្រឹក ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានេះគឺប្រព្រឹត្តដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់ សម្គាល់នោះទេ ដោយក្នុងនោះទិដ្ឋភាពទូទៅ គឺមានភាពស្ងប់ស្ងាត់,សណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង។

ក្រសួងអប់រំ យុវជននិងកីឡា បញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុបនៅតាមមណ្ឌលប្រឡងទូទាំងប្រទេសប្រព្រឹត្តទៅដោយមានការចូលរួមសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ពីមន្ត្រី,អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត, អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមនឹងការពារយាមកាមរក្សាសន្តិសុខ សណ្តាប់ធ្នាប់។

ក្រសួងអប់រំ យុវជននិងកីឡា បន្ថែមទៀតថា ទាំងមុនការប្រលងនិងកំលុងពេលប្រឡង គណៈកម្មការអនុរក្ស,មន្ត្រីអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានឆែកឆេរ និងប្រមូលបានសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក ពីបេក្ខជនមួយចំនួននៅនៅព្រឹកថ្ងៃទី០២ នៃដំណើរការសំណេរនេះ ហើយក្រៅពីនោះ មានបេក្ខជនប្រឡងមួយចំនួនមានបញ្ហាសុខភាព ដែលក្នុងនោះ បេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយបានទទួលជំនួយសង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌល។ជាមួយគ្នានេះ នៅមណ្ឌលប្រឡងក្នុងខេត្តព្រះសីហនុនិងខេត្តកែប មានភ្លៀងធ្លាក់យ៉ាងខ្លាំង ប៉ុន្តែដំណើរការប្រឡងនៅតែអាចប្រព្រឹត្តទៅបានដោយរលូនដដែល។

សូមជំរាបថា ដំណើរការសំណេរនាព្រឹកថ្ងៃទីពីរនេះបានចាប់ពីម៉ោង ៧និង៣០នាទី ដល់ម៉ោង ១១ព្រឹក មានមុខវិជ្ជា គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ និង រូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ ហើយសម្រាប់ការប្រឡងដែលនៅសល់ចុងក្រោយ កន្លះថ្ងៃទៀតនឹងចាប់ផ្តើមពីម៉ោង ២រសៀល ហើយនឹងបញ្ចប់នៅម៉ោង ៤និង៣០នាទីរសៀល ដែលមានមុខវិជ្ជាអក្សរសាស្ត្រ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមនិងមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation