សម្តេចក្រឡាហោមស ខេង អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ និងព្រមានដល់មន្រ្តីជំនាញពន្លត់អគ្គិភ័យ ទាំងអស់មិនត្រូវធ្វើអ្វីឲ្យហួសវិជ្ជាជីវៈ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការបង្ការអគ្គីភ័យបើទោះបីជារាជរដ្ឋាភិបាលបានបន្ថែមរថយន្តពន្លត់អគ្គិភ័យជាបន្តបន្ទាប់នៅតាមរាជធានី-ខេត្តយ៉ាងណាក៏ដោយនោះ។

ថ្លែងនៅក្នុងពិធីប្រគល់រថយន្តអគ្គីភ័យ៨៧គ្រឿង ដល់គ្រប់ស្នងការរាជធានី-ខេត្តនាព្រឹកថ្ងៃទី២២ ខែសីហានេះ នៅក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាលបានបង្កើននូវរថយន្តពន្លត់អគ្គីភ័យជាបន្តបន្ទាប់នៅតាមរាជធានីខេត្តយ៉ាងណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋមិន ត្រូវធ្វេសប្រហែសឡើយចំពោះអគ្គីភ័យនេះ ពីព្រោះថាអាជ្ញាធរឬមន្រ្តីជំនាញមិនប្រាកដថា អាចនឹងជួយបានទាន់ចិត្តនោះដែរ។

សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «ការបង្កើនការប្រុងប្រយ័ត្នគឺជាកត្តាសំខាន់បំផុតដើម្បីជៀសវាងកុំឲ្យអគ្គីភ័យវាកើតឡើងដែលវាអាចបង្ករឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតក៏ដូចជាទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោមសខេង ក៏បានក្រើនរំឭកឲ្យប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសមានការយល់ដឹងនិងចងចាំបានថា គ្រោះអគ្គីភ័យគឺជាគ្រោះថ្នាក់មួយ ដែលអាចបំភ្លេចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេលប្រសិនបើគ្មានការស៊ើបអង្កេតគ្មានការប្រុងប្រយ័ត្នដូចពាក្យចាស់បុរាណបានពោលថា "ស៊ូលិចទូកកណ្តាលទន្លេកុំអោយភ្លើងឆេះផ្ទះ"។

យ៉ាងណាក៏ដោយនៅ ក្នុងពិធីប្រគល់នោះសម្តេចក្រឡាហោម ក៏បានព្រមានដល់មន្រ្តីជំនាញពន្លត់អគ្គិភ័យទាំងអស់មិនត្រូវធ្វើអ្វីឲ្យហួសវិជ្ជាជីវៈ របស់ខ្លួនផងដែរដើម្បីធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ សម្តេចបានសង្កត់ធ្ងន់ថា «យើងមិនអាចយកឡានរដ្ឋទៅរកស៊ីឲ្យខុសវិជ្ជាជីវៈ របស់យើងបានទេ ហើយមិនត្រូវគំរាមពួកគាត់ជាថ្នូនឹងការបាញ់ពន្លត់នូវអគ្គីភ័យពេលដែលផ្ទះរបស់ពួកគាត់កំពុងតែឆេះបានទេ ប៉ុន្តែប្រសិនបើយើងធ្វើ បានជោគជ័យហើយពួកគាត់ផ្តល់ជូនដើម្បីលើកទឹកចិត្ត យើងអាចយកបានពីព្រោះវាជាការតបស្នងរបស់ពួកគាត់»៕

ជុំវិញការប្រគល់និងទទួលរថយន្តពន្លត់អគ្គីភ័យនាថ្ងៃនេះ បើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ៨៧គ្រឿងដែលប្រគល់នៅថ្ងៃនេះជាជំហានទី២ក្នុងចំណោមរថយន្ត ២០០គ្រឿង ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញរថយន្តពីក្រុមហ៊ុនចិន ដែលជំហានទី១បានប្រគល់១១៣ គ្រឿងរួចកាលពីថ្ងៃទី០២ ខែសីហា ហើយរថយន្តពន្លត់អគ្គិភ័យ៨៧ គ្រឿងថ្មីនឹងត្រូវរក្សាទុកនៅសេនាធិការដ្ឋាន១៧ គ្រឿងនិង បែងចែកដល់ដល់ស្នងការដ្ឋាននគរបាលខេត្តនិងស្រុកមួយចំនួន ដែលពុំមានរថយន្តពន្លត់អគ្គិភ័យ លើកលែងតែរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ទោ នេត វន្ថា បន្ថែមទៀតថា រថយន្តពន្លត់អគ្គីភ័យទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ នៅរដូវប្រាំងដែលនឹង ឈានចូលមកដល់ដើម្បីគ្រប់អង្គភាពពន្លត់អគ្គិភ័យខេត្តក្រុងស្រុកសម្រាប់ជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានពេលជួបគ្រោះថ្នាក់ដោយអគ្គិភ័យបានទាន់ពេលវេលា ៕អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation