ព័ត៌មានជាតិ

ការ៉ាស់សាំងSAVIMEXមួយកន្លែង ស្ថិតក្នុងខណ្ឌឫស្សីកែវ ត្រូវបានគេលួចលាក់សាងសង់ជិតរួចរាល់ហើយ

image

ស្ថានីយប្រេងឥន្ទនៈSAVIMEXមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៥ ជាប់មាត់ទន្លេសាប ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សាងសង់ជិតរួចរាល់ហើយ។

ប្រជាពលរដ្ឋនៅម្តុំនោះ បានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈSAVIMEXមួយនេះ កំពុងសាងសង់នៅលើងដីរបស់រដ្ឋ ហើយគេធ្វេីសកម្មភាពសាងសង់តែនៅពេលយប់ប៉ុណ្ណោះ ចំណែកពេលថ្ងៃគេមិនធ្វើអ្វីទេ។ សកម្មភាពសាងសង់នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានដាក់ការសង្ស័យថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះ ទំនងជាមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ លួចលាក់សាងសង់បន្លំភ្នែកមហាជននៅលើដីរបស់រដ្ឋ ព្រោះការសាងសង់ស្ថានីយប្រេងឥន្ធនៈមួយនេះ គេធ្វើតែនៅពេលយប់ប៉ុណ្ណោះ។

ករណីនេះ មិនទាន់អាចទាក់ទង អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី ដើម្បីបំភ្លឺបាននៅឡើយទេ។ កាលពីប៉ុន្មានខែមុន ដីស្ថានីយប្រេងឥន្ទនៈSAVIMEXដែកគេកំពុងសាងសង់នេះ ត្រូវបានគេធ្វើរបងថ្មបិទជិតពីខាងមុខ ទុកតែច្រកទ្វាតូចមួយប៉ុណ្ណោះសម្រាប់ចេញចូល ហើយផ្លូវនោះគេធ្វើទ្វាសង្កសីសម្រាប់ទាញបិទបើក។ កាលនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានស្រង់សម្តី លោកអភិបាលខណ្ឌ ជា ពិសី ចុះផ្សាយថា ការធ្វើរបងថ្មបិទនេះ គឺដើម្បីការពារកុំឲ្យមានអ្នកលួចទន្ទ្រានយកដីរបស់រដ្ឋតែប៉ុណ្ណោះ គឺគេមិនធ្វើអ្វីផ្សេងទេ ប៉ុន្តែធាតុពិត នៅពេលនេះ គឺស្ថានីយប្រេងឥន្ធនៈមួយ ត្រូវលេចឡើងនៅខាងក្នុងរបងថ្ម លយគូថជាប់នឹងមាត់ទន្លេសាប ដែលផ្ទុយពីការអះអាងរបស់លោកអភិបាលខណ្ឌ។

កន្លងមកអាជ្ញាធរ ខណ្ឌឫស្សីកែវ ក៏ដូចរាជធានីភ្នំពេញ ធ្លាប់បានណែនាំប្រជាពលរដ្ឋដែលរស់នៅលើដីជាប់មាត់ទន្លេសាប តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់តាំងពីគល់ស្ពានជ្រោយចង្វា រហូតមកដល់ស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ឲ្យរុះរើលំនៅដ្ឋានចេញដើម្បីយកដីនោះសាងសង់សួនច្បារដោយអះអាងថាដីទាំងនោះគឺជាដីរបស់រដ្ឋ ប៉ុន្តែក្រោយមកទៀតក៏ស្ងាត់បាត់ទៅវិញ។ រយៈពេលជាចុងក្រោយនេះ ទីតាំងដែលគេអះអាងថាជាដីរបស់រដ្ឋនៅប្របតាមមាត់ទន្លេសាបនេះ មានប្រភេទសំណង់រឹងមាំមួយចំនួនត្រូវបានស្ថាបនាឡើង ហើយនៅថ្ងៃនេះផ្ទាល់ គេក៏អាចមើលឃើញស្ថានីយប្រេងឥន្ធនៈSAVIMEXមួយ កំពុងតែលេចរូបរាងឡើងបន្តិចម្តងៗនៅលើដីរបស់រដ្ឋនេះដែរ៕