ព័ត៌មានជាតិ

សត្វទន្សោងក្នុងព្រៃសហគមន៍ប្រាំបីមុម កំពុងរងការគំរាមកំហែងពីក្រុមព្រានព្រៃ

image

កំពង់ស្ពឺ៖ សត្វជាច្រើនប្រភេទដែលនៅសេសសល់តិចតួចចុងក្រោយ ដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុម កំពុងតែប្រឈមនឹងការគំរាមកំហែងពីសំណាក់ក្រុមអ្នកប្រម៉ាញ់ព្រានព្រៃតាមរយៈការបរបាញ់ និងដាក់អន្ទាក់ដើម្បីយកសាច់លក់ទៅកាន់ទីផ្សារអ្នកបរិភោគ។

ទាក់ទងនឹងបញ្ហានេះ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម លោក សឿន ឡាយ បានឱ្យដឹងថា ព្រៃសហគមន៍មានទំហំជាងមួយពាន់ហិកតា ស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នព្រៃនេះមានសត្វជាច្រើនប្រភេទកំពុងរស់នៅ រួមទាំងសត្វកម្រ និងជិតផុតពូជផងដែរ។ ចំពោះសត្វទន្សោង ជាសត្វមួយប្រភេទដែលជិតផុតពូជនៅកម្ពុជា ប៉ុន្តែនៅក្នុងព្រៃសហគមន៍ប្រាំបីមុមមានសត្វទន្សោងជាង ១០០ក្បាល បាននិងកំពុងរស់នៅ។ កាលពីឆ្នាំ២០១៦សត្វទន្សោងមានជាង ៨០ក្បាល នេះបើរាប់ដោយភ្នែកទទេរ ហើយបើគិតមកទល់សព្វថ្ងៃចំនួននេះ អាចនឹងមានការប្រែប្រួលច្រើនខណៈពួកវាបានបង្ករកំណើត និងកើតកូនកើតចៅជាបន្តបន្ទាប់។

ស្របពេលនឹងការប្រែប្រួលនូវបរិមាណសត្វទន្សោងក្នុងព្រៃសហគមន៍ប្រាបីមុមនេះដែរ លោក សឿន ឡាយ ក៏បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរងគ្រោះ និងបាត់បង់សត្វព្រៃទាំងនោះដោយសារក្រុមអ្នកបរបាញ់ និងដាក់អន្ទាក់។ កន្លងមកក្នុងឆ្នាំ២០១៦-២០១៧ ក្រុមអ្នកប្រម៉ាញ់សត្វព្រៃគេបាញ់ដោយកាំភ្លើងរួចដឹកតាមរថយន្ត តែមកដល់បច្ចុប្បន្នពួកគេបានបង្វែរមកជាដើរឆ្លុះ និងដាក់ជាអន្ទាក់វិញដោយប្រើម៉ូតូ ឬគោយន្ត។ អន្ទាក់ត្រូវបានគេដាក់ពាស់ពេញព្រៃ ពិសេសនៅចំណុចដែលសត្វឆ្លងកាត់ និងជាកន្លែងដែលមានប្រភពទឹក និងកន្លែងមានចំណី។

ដោយមើលឃើញពីបញ្ហាប្រឈមរបស់សត្វព្រៃដែលនៅសេសសល់តិចតួច ប្រធានសហគមន៍ប្រាំបីមុម លោក សឿន ឡាយ បានដាក់កម្លាំងសហគមន៍ដែលមានគ្នាចំនួន ១៦នាក់ ឱ្យចុះល្បាតជាប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីឃ្លាំមើលពីដំណើរសត្វព្រៃ និងអ្នកប្រម៉ាញ់។ ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ក៏បានចុះរុករក និងប្រមូលយកខ្សែអន្ទាក់ដែលក្រុមព្រានព្រៃបានដាក់ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់សត្វដោយជាប់អន្ទាក់។ ទោះជាមានការដើរដោះយកអន្ទាក់ដែលព្រានព្រៃបានដាក់ពីសំណាក់ក្រុមល្បាតនៃសហគមន៍ក៏ដោយ ក្រុមព្រានព្រៃនៅតែមិនបោះបង់ការចិញ្ចឹមចិត្តយាយី គំរាមកំហែងសត្វព្រៃទាំងនោះ ហើយពួកគេនៅតែបន្តពង្រាយអន្ទាក់នៅគ្រប់ទិសទី ដើម្បីធ្វើការចាប់សត្វព្រៃ ដែលធ្វើឱ្យសត្វព្រៃប្រឈមនឹងការពិបាកគេចខ្លួនចេញពីសត្រូវដែលនៅរាយប៉ាយនោះ។

សូមបញ្ជាក់ថា សត្វដែលកំពុងប្រឈម និងការរងគ្រោះខ្លាំងគឺ សត្វទន្សោង ឈ្លូស និងជ្រូកព្រៃ។ ដោយសារតែមានការប្រឈមខ្លាំង កម្លាំងសហគមន៍ស្មគ្រ័ចិត្តដែលធ្វើការគ្មានបៀវត្សរ៍នៅតែប្រឹងប្រែងបន្តសកម្មភាពរបស់ខ្លួនដោយពេលដើរដោះអន្ទាក់ ពេលយប់ដើរយាមល្បាត ដើម្បីគ្រប់គ្រង និងថែរក្សាសត្វកម្រ និងជិតផុតពួជទាំងនោះឱ្យគេចផុតពីកាប់សម្លាប់របស់ព្រានព្រៃ និងក្រុមប្រម៉ាញ់ទាំងនោះ៕

ដោយ៖ ប៊ុត សារុន