សម្តេចតេជោ ប្រកាសលើកលែងទោសទ្រង់ទ្រាយធំ ចំពោះអ្នកជាប់ពន្ធនាគារ នៅក្នុងឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសថា សម្តេចមានគម្រោង ក្នុងការស្នើសុំទៅកាន់ព្រះមហាក្សត្រ ដើម្បីលើកលែងទោសទ្រង់ទ្រាយធំ ចំពោះអ្នកជាប់ពន្ធនាគារ នៅក្នុងឱកាសបុណ្យជាតិធំៗ នាឆ្នាំ២០១៨នេះ ដើម្បីឲ្យអ្នកទោស ចេញមកដើម្បីធ្វើការកែប្រែខ្លួនសារជាថ្មី។ ​

សម្តេចតេជោ បានសង្កត់ធ្ងន់ថា​ គម្រោងនៃការលើកលែងទោសទ្រង់ទ្រាយធំនេះ មិនមែនជាការគៀបសង្កត់ ពីសំណាក់អន្តរជាតិ ដូចទៅនឹងការលើកឡើងខុស របស់មតិមួយចំនួននោះទេ។ ក្នុងន័យនេះ សម្តេចតេជោ បានបញ្ជាក់ប្រាប់ទៅកាន់ ​អ្នកជាប់ទោសមួយចំនួន ដែលបានលើកលែងទោសកន្លងទៅ និងបន្តការលើកលែងទោស នាពេលខាងមុន សូមកុំនិយាយថា បណ្ដាលមកពីការគៀបសង្កត់ របស់អន្តរជាតិ បើមិនដូច្នោះទេ សម្តេចនឹងផ្អាកការលើកលែងទោសសិន។

ការប្រកាសពីការលើកលែងទោសនេះ សម្តេចតេជោ បានធ្វើឡើង ក្នុងឱកាស​អញ្ជើញ​ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ​ជាង១ម៉ឺន៧ពាន់៥០០នាក់ទៀត មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

សម្តេចតេជោ បានថ្លែងឲ្យដឹងដែរថា ឆ្នាំ២០១៨នេះ មានពិធីបុណ្យធំៗចំនួន៤ ៖ ទី១.គឺបុណ្យភ្ជុំបិណ្ឌ, ទី២.បុណ្យអ៊ុំទូក, ទី៣.បុណ្យ​ឯករាជ្យជាតិ និងទី៤.គឺពិធីបុណ្យបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះៗ។

គួរជម្រាបថា ការប្រកាសរបស់សម្តេចនេះ បានធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ, អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួន២រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពី ពន្ធនាគារជាបណ្ដោះអាសន្ន។ ព្រមជាមួយគ្នានោះ អតីតសកម្មជនដីធ្លី នៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ក៏ត្រូវបានតុលារការ ដោះលែងផងដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation