ព័ត៌មានអន្តរជាតិ

លោកស្រី​ ស៊ូជី​ រងការចោទប្រកាន់បន្ថែមពីបទប្រព្រឹត្តអំពេីពុករលួយនៅមីយ៉ាន់ម៉ា

image

សាច់រឿង៖ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ​ នៅថ្ងៃព្រហស្បតិ៍នេះ​ បានរាយការណ៍ថា​ មេដឹកនាំមីយ៉ាន់ម៉ា​ដែលត្រូវបានទម្លាក់ពីតំណែង​គឺ​ លោកស្រី​ អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងអតីតក្រុមមន្រ្តីដទៃទៀតមកពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានរងការចោទប្រកាន់ពីបទពុករលួយ។

នេះគឺជាបណ្តឹងថ្មីបន្ថែមទៀតក្នុងចំណោមបណ្តឹងជាបន្តបន្ទាប់ប្រឆាំង លោកស្រី ស៊ូជី។

សារព័ត៌មាន Global New Light of Myanmar បានចុះផ្សាយដោយស្រង់ប្រភពពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយដែលបានលេីកឡេីងថា ការចោទប្រកាន់នេះគឺជាប់ពាក់ព័ន្ធនឹងការយកទៅប្រើប្រាស់ដោយមិនត្រឹមត្រូវនូវដីធ្លីសំរាប់អង្គការមូលនិធិមួយដែលលោកស្រីជាប្រធាន ។

សូមរម្លឹកថាកាលពីពេលមុន លោកស្រី​ ស៊ូជី ត្រូវបានចោទប្រកាន់ពីបទពុករលួយតាមរយៈការទទួលសំណូកជាលុយ និងមាស។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ​បានរាយការណ៍ថា «លោកស្រី ស៊ូជី ត្រូវបានរកឃើញកំហុសចំពោះការប្រព្រឹត្តអំពើពុករលួយដោយប្រើប្រាស់ឋានៈរបស់លោកស្រី។ ដូច្នេះលោកស្រីត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងអំពើពុករលួយ»។

ច្បាប់នេះផ្តន្ទាទោសដាក់េពន្ធនាគារ ១៥ឆ្នាំចំពោះអ្នកដែលត្រូវបាន​តុលាការរកឃើញថាមានកំហុស។

យោធាមីយ៉ាន់ម៉ាបានផ្ដួលរំលំរដ្ឋាភិបាលរបស់​ លោកស្រី​ ស៊ូជី​ នៅក្នុងរដ្ឋប្រហារថ្ងៃទី០១​ ខែកុម្ភៈ​ ដោយបានយកលេសថា​ គណបក្សរបស់លោកស្រីបានលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា​  ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលគណៈកម្មការរៀបចំការបោះឆ្នោត​ និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៕