ព័ត៌មានអន្តរជាតិ

លោក​ បៃដិន​ ថា​ អាមេរិកនឹងឆ្លេីយតបយ៉ាងក្លៀវក្លាចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ពីរុស្ស៊ី

image

សាច់រឿង៖ប្រធានាធិបតីអាមេរិក លោក​ ចូ​ បៃដិន​ (Joe Biden) កាលពីថ្ងៃពុធ បាននិយាយថា​ អាមេរិកមិនបានស្វែងរកជម្លោះជាមួយប្រទេសរុស្ស៊ីឡេីយ​ ប៉ុន្តែនឹងឆ្លើយតបយ៉ាងក្លៀវក្លា ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីប្រព្រឹត្តសកម្មភាពដែលបង្កគ្រោះថ្នាក់។

ថ្លែងនៅក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃទៅកាន់អឺរ៉ុបដែលនឹងរួមបញ្ចូលកិច្ចប្រជុំកំពូលណាតូ​ (NATO) និងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ផងនោះ​ លោក​ បៃដិន​ បាននិយាយថា​ លោកនឹងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធភាពណាតូ​ (NATO)។ 

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់​ លោក បៃដិន ចាប់តាំងពីបានចូលកាន់តំណែងមក។​ ដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃនេះមានគោលដៅកសាងឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក​ និងអឺរ៉ុប​ដែលមានភាពតានតឹងកាលពីជំនាន់ លោក​ ដូណាល់ ត្រាំ​ (Donald Trump) និងដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ី។

លោក បៃដិន បានទៅដល់ប្រទេសអង់គ្លេសមុនគេនៅក្នុងដំណេីរទស្សនកិច្ចនេះដេីម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G7។ 

កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវ៉ាក់សាំងកូវីដ-១៩,​ ពាណិជ្ជកម្ម,​ អាកាសធាតុ​ និងគំនិតផ្តួចផ្តើមសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ដំណើរទស្សនកិច្ចនេះបង្ហាញពីការសាកល្បងសមត្ថភាពរបស់​ លោក​ បៃដិន​ ក្នុងការគ្រប់គ្រង​ និងជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តធំៗដែលមិនពេញចិត្តនឹងគោលនយោបាយដំឡេីងពន្ធពាណិជ្ជកម្ម និងការដកអាមេរិកចេញពីសន្ធិសញ្ញាអន្តរជាតិនានាកាលពីជំនាន់រដ្ឋបាលរបស់​ លោក​ ត្រាំ​៕