ព័ត៌មានជាតិ

ពលរដ្ឋទូទៅជាពិសេសអ្នកមានវ័យចំណាស់ បង្ហាញទំនុកចិត្តក្នុងការមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩

image

​អត្ថបទ៖ គិន ច័ន្ទពុទ្ធិ​

កណ្ដាល៖  «វ៉ាក់សាំងការពារជំងឺកូវីដ-១៩ វាមិនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ»។ នេះជាការថ្លែងអះអាងរបស់ប្រជាពលរដ្ឋទូទៅដែលមានទីលំនៅ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាពិសេសអ្នកមានវ័យចំណាស់ៗ ដែលពួកគាត់បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដោយស្ម័គ្រចិត្ត ​ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជាដោយឥតគិតថ្លៃ។ 

ពួកគាត់បាននិយាយបញ្ជាក់អះអាងស្រដៀងៗគ្នាថា វ៉ាក់សាំងនឹងជួយសុខភាពពួកគាត់ ដើម្បីប្រឆាំង និងការពារពីជំងឺកូវីដ-១៩។ តែទោះជាយ៉ាងណា បើទោះជាបានចាក់វ៉ាក់សាំងរួចហើយក៏ពួកគាត់បញ្ជាក់ដែរថា នៅតែអនុវត្តវិធានការ ៣ការពារ៣កុំ ដដែល។​

ជាមួយការបង្ហាញពីទំនុកចិត្តចំពោះវ៉ាក់សាំងកូវីដ-១៩, ពួកគាត់ក៏បានអំពាវនាវដល់ពលរដ្ឋទូទៅ និងអ្នកមានវ័យចំណាស់ៗ សូមចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីការពារខ្លួនយើងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងសង្គម​ជាតិយើង។

​គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតចាប់ពីថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃដំបូងគឺពីថ្ងៃទី១០ ខែកុម្ភៈមកដល់បច្ចុប្បន្ន មានអ្នកបានចាក់វ៉ាក់សាំងសរុបចំនួនជាង ២លាន៨សែននាក់ ក្នុងនោះស្ត្រីមានជាង ១លាននាក់ ដែលស្មើនឹងប្រមាណជាង២៧%នៃអ្នកចាក់គោលដៅ១០លាននាក់៕