ព័ត៌មានជាតិ

អាជ្ញាធរ ចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៣ទៀត ក្នុងរាជធានីភ្នំពេញ

image

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ការផ្តល់ការចាក់វ៉ាក់សាំងបានរៀបចំនូវទីតាំងចំនួន ១៤ ដែលបានកំណត់ និងការរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួងសុខាភិបាល។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងរួចហើយអំពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌទាំង៣នេះ ដោយដំណើរការចាក់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ចំណែកដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់ក្នុងខណ្ឌទាំង៣ មានសរុបចំនួន ១៤ទីតាំង។ 

សូមបញ្ជាក់ថា គិតមកដល់ពេលនេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួនជាង ១លាន៦សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសទី១និងដូសទី២៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា