ព័ត៌មានជាតិ

ខេត្តកំពត មានអ្នកជំងឺកូវីដ-១៩ស្លាប់២នាក់បន្ថែមទៀត ខណៈអ្នកឆ្លងថ្មីចំនួន៣៤នាក់ 

image

កំពត៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ បានរកឃើញអ្នកវិជ្ជមានចំនួន ៣៤នាក់ (ស្រី ២៣នាក់) បន្ថែមទៀត ពាក់ព័ន្ធនឹងកាស៊ីណូនៅច្រកព្រំដែន តន់ហន់ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មីនេះ ក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ២នាក់ បន្ថែមទៀត ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ករណីអ្នកវិជ្ជមានទាំង ៣៤នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងមណ្ឌលព្យាបាលក្នុងខេត្តកំពត។ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។ អាជ្ញាធរបានអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយស្ម័គ្រចិត្តក្នុងការយកសំណាកទៅពិនិត្យ ក្នុងករណីសង្ស័យថា មានរោគសញ្ញានៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ទូទាំងខេត្តកំពត មានចំនួន ៦៧២នាក់ កំពុងសម្រាកព្យាបាលចំនួន ៦១៦នាក់ អ្នកជាសះស្បើយចំនួន ៥២នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់៕

អត្ថបទ៖ វង្ស សុធារម្យ